ព័ត៌មានជាតិ

អគ្គនាយកអង្គការ កម្មសិទ្ធិបញ្ញាពិភពលោក កត់សម្គាល់ពីសក្ដានុពល និងសារៈសំខាន់នៃតំបន់អាស៊ាន ដែលរួមទាំងកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាស ចូលជួបសម្តែងការគួរសម ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤​លោក Daren Tang អគ្គនាយកអង្គការ កម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានធ្វើការកត់សម្គាល់ពីសក្តានុពល និងសារៈសំខាន់នៃតំបន់អាស៊ាន ដែលរួមទាំងកម្ពុជា ។

ជាកិច្ចចាប់ផ្ដើម នៃជំនួប ដែលធ្វើឡើង នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក រវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការ WIPO តាមរយៈការផ្តល់ជំនួយបច្ចេកទេសសម្រាប់ប្រព័ន្ធ IPAS ការផ្ដល់ការគាំទ្របច្ចេកទេស និងការកសាងសមត្ថភាព ក្នុងការរៀបចំកសាងច្បាប់ ឯកសារគតិយុត្ត និងបទប្បញ្ញត្តិកម្មសិទ្ធិបញ្ញា ក៏ដូចជាការកសាងសមត្ថភាព ការលើកកម្ពស់ចំណេះដឹង អំពីកម្មសិទ្ធិបញ្ញាដល់សាធារណជន និងការពង្រឹកការអនុវត្តច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា។

សម្ដេចធិបតីក៏បានស្នើអង្គការWIPO បន្តគាំទ្រការកសាងសមត្ថភាព និងការលើកកម្ពស់ចំណេះដឹង​​ នៃការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដល់ប្រជាជនកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោកអគ្គនាយក យល់ស្របទៅនឹងប្រសាសន៍ របស់សម្ដេចធិបតី អំពីកិច្ចសហប្រតិបត្តិការល្អ រវាងអង្គការWIPO និងប្រទេសកម្ពុជា។

លោកក៏បានទទួលស្គាល់ នូវគុណភាពនៃផលិតផល ដែលផលិតនៅកម្ពុជាផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការ នាពេលកន្លងមករវាងលោកអគ្គនាយក និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធនានា នៃព្រះរាជាណាចក្រកម្ពុជា លោកបានស្គាល់ និងប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ របស់កម្ពុជាមួយចំនួន ដែលមានគុណភាពខ្ពស់ និងមានសក្ដានុពល សម្រាប់ទីផ្សារអន្តរជាតិ៕

To Top