ព័ត៌មានជាតិ

សម្តេចធិបតី ចាត់ទុកទិន្នន័យឌីជីថល មានសារៈសំខាន់ ជាផែនទីបង្ហាញផ្លូវ និងជាត្រីវិស័យ ជួយឲ្យការ សម្រេចបានត្រឹមត្រូវ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាព ជាមួយជប៉ុន អំពីសារៈសំខាន់នៃទិន្នន័យឌីជីថល សម្រាប់ការកសាង​ ក្របខ័ណ្ឌគោលនយោបាយ ហើយបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកទិន្នន័យនេះ ជាផែនទីបង្ហាញផ្លូវ និងជាត្រីវិស័យ ដែលជួយឱ្យធ្វើការ សម្រេចបានត្រឹមត្រូវ ។

ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ក្នុងឱកាស អនុញ្ញាតឲ្យ លោក Kono Taro រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថល នៃប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស ។

ក្នុងជំនួបនេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ជប៉ុន ឡើងដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតល្អប្រសើរបំផុត ក្នុងប្រវត្តិនៃទំនាក់ទំនងកម្ពុជា-ជប៉ុន និងបានអរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែជួយគាំទ្រដល់កម្ពុជា ចាប់តាំងពីដំណាក់កាល​ស្វែងរកសន្ដិភាពរហូតដល់កម្ពុជា មានការអភិវឌ្ឍនរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។

សម្ដេចធិបតី ក៏បានរំឭកថា កម្ពុជា-ជប៉ុន បានចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការចំនួន៧ ដែលក្នុង នោះ មានឯកសារមួយចំនួនពាក់ព័ន្ធ នឹងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ដែលជាសមាសធាតុដ៏សំខាន់ នៃការជំរុញប្រភពកំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងសម្រេចបានចក្ខុវិស័យ នៃការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ក្នុងនោះ លោករដ្ឋមន្ត្រីជប៉ុន បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ជាពិសេសលើវិស័យឌីជីថល ពាណិជ្ជកម្ម និងវិស័យអាទិភាពផ្សេងៗទៀត។

លោករដ្ឋមន្ត្រីជប៉ុន បានគូសបញ្ជាក់ថា​ ក្នុងយុគសម័យឌីជីថល ទិន្នន័យពិតជាមានសារៈសំខាន់ ហើយរដ្ឋាភិបាលជប៉ុន បានរៀបចំគំនិតផ្ដួចផ្ដើម ស្ដីពីទិន្នន័យអង្គការ OECD ដែលគ្របដណ្ដប់លើវិស័យជាច្រើន និងអាចប្រើប្រាស់​ សម្រាប់ការរៀបចំកសាង និងអភិវឌ្ឍគោលនយោបាយ ប្រកបដោយប្រសិទ្ធភាព និងដើម្បីជំរុញ និងលើកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។

ជាការឆ្លើយតប សម្ដេចធិបតីបានឯកភាព ចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រី អំពីសារៈសំខាន់នៃទិន្នន័យឌីជីថល សម្រាប់ការកសាងក្របខ័ណ្ឌគោលនយោបាយ ហើយរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកទិន្នន័យនេះ ជាផែនទីបង្ហាញផ្លូវ និងជាត្រីវិស័យ ដែលជួយឲ្យការសម្រេចបានត្រឹមត្រូវ។

ក្រៅពីនេះ សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែម អំពីការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជា ដែលបច្ចុប្បន្ន ធនាគារជាតិ នៃកម្ពុជា បាននិងកំពុងដាក់ឱ្យប្រើប្រាស់ តាមរយៈប្រព័ន្ធទូទាត់អនឡាញ ឆ្លងដែន ដើម្បីសម្រួលដល់វិនិយោគិន ពាណិជ្ជករ និងប្រតិបត្តិការអាជីវកម្ម របស់សហគ្រាសធុនតូច និងមធ្យម៕

To Top