ភ្នំពេញ៖ វិស័យឯកជនមើលឃើញថា ការបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជននេះ ធ្វើឱ្យពួកគេមានជំនាញសម្រាប់ជួយខ្លួនឯងផ្ទាល់ ជួយគ្រួសារ ជួយសង្គមជាតិ ខណៈពួកគេសង្ឃឹមយ៉ាងមុតមាំថា ការបណ្តុៈបណ្តាលនេះនឹងដើរតួរនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពគ្រួសារ ដែលមានជីវភាពខ្វះខាត។
លោក ឃីម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI ថា៖ «សារសំខាន់នៃកម្មវិធីបណ្តុះបណ្តាលនេះ ពោលគឺធ្វើឱ្យយុវជនមានចំណេះដឹងពិត មានសមត្ថភាពពិតក្នុងការធ្វើការ មានប្រាក់ចំណូល ជួយគ្រួសារ និងខ្លួនឯងបានបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល ដែលទាំងនេះហើយគឺជា សុខមាលភាពនៃគ្រួសារនីមួយៗ ហើយនេះក៏ជាអ្វីដែលរដ្ឋាភិបាល ចង់បានពីគោលនយោបាយនេះ»។
ដោយឡែកលោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ក៏បានលើកឡើងដែរថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ វាប្រៀបដូចទៅនិងការជួយពលរដ្ឋ ដែលជាយុវជនមកពីគ្រួសារ ក្រីក្រឱ្យមានការងារធ្វើ មានជំនាញមួយពិតប្រាកដ អាចប្រែប្រួលវាសនារបស់ពួកគេផងដែរ។
លោកបន្ថែមថា មានតែជំនាញទេដែលអាចជួយ ទៅដល់យុវជនដែលមានការខ្វះខាត បន្តការសិក្សាថ្នាក់ឧត្តមសិក្សា ហើយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលនេះគឺត្រឹមត្រូវ ហើយឆ្លើយតបទៅនិងយុវជន ដែលមកពីគ្រួសារក្រីក្រនៅកម្ពុជានេះតែម្តង។
ទន្ទឹមនឹងនេះវិស័យឯកជន បានអំពាវនាវឱ្យអាណាព្យាបាលជំរុញកូនៗ របស់ពួកគេឱ្យខិតខំរៀនសូត្រ និងលើកទឹកចិត្តពួកគេរហូតរៀនចប់ វគ្គបណ្តុះបណ្តាលនេះ ដោយឡែកយុវជនខ្លួនឯងវិញត្រូវរៀនឱ្យចេះ ឱ្យចប់ ដើម្បីមានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យផងដែរ។
គូសបញ្ជាក់ផងដែរថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកបវេសនកាលជាផ្លូវការ នូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បើកបវេសនាកាលវគ្គទី១។ កម្មវិធីបណ្តុះបណ្តាលនេះមានសិស្សចំនួន ៥០០ថ្នាក់ និងមានសិក្ខាកាមចំនួន ១៥០០០នាក់ ដែលសិក្សាក្នុងវិស័យចំនួន១០ លើមុខជំនាញចំនួន៣៨ នៅទូទាំងប្រទេស ៕