ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Joseph Scheuer អ្នកសម្របសម្រួលរបស់ អង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីរសៀលថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈក្រុមប្រឹក្សាភិបាលលើកទី៥ ដោយមានការចូលរួមពី ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល តំណាងវិស័យឯកជន និងតំណាងយុវជន។

កិច្ចប្រជុំដែលធ្វើឡើង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺដើម្បីពិនិត្យលទ្ធផលគម្រោងស្តីពីមុខរបរ និងការងារសមរម្យសម្រាប់យុវជន ដំណាក់កាលទី២ និងត្រៀមផែនការអនុវត្តគម្រោងដំណាក់កាលទី៣។
ក្នុងនោះសហប្រធានទាំងពីរ បានស្តាប់យ៉ាងយកចិត្តទុកដាក់ ចំពោះបទបង្ហាញស្តីពីសមិទ្ធផល ដំណាក់កាលទី២ ដែលបង្ហាញឡើងដោយក្រុមលេខាធិការដ្ឋាន។

ក្រោយស្តាប់បទបង្ហាញ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានសមិទ្ធិផល ក្នុងដំណាក់កាលទី២ លើគម្រោងមុខរបរ និងការងារសមរម្យសម្រាប់យុវជនកម្ពុជា។
ដើម្បីឱ្យគម្រោងដំណាក់កាលទី៣ កាន់តែមានប្រសិទ្ធភាពនិងចំគោលដៅ លោករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យក្រុមការងារលេខាធិការដ្ឋាន និងដៃគូរអភិវឌ្ឍន៍ទាំងអស់ បន្តធ្វើការរួមគ្នាបន្ថែមទៀតធ្វើយ៉ាងណាឱ្យ គម្រោងដំណាក់កាលទី៣ស្របទៅ នឹងផែនការយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅជាអាទិភាព ក្នុងការធានាពីប្រសិទ្ធភាព ប្រសិទ្ធផលសម្រាប់ក្រុមគោលដៅ ដែលត្រូវការយកចិត្តទុកដាក់បន្ថែម ៕

