ព័ត៌មានជាតិ

គណៈកម្មការចំពោះកិច្ចចុះត្រួតពិនិត្យ និងណែនាំពង្រឹងវិធានការ ដល់ស្ថាប័នសម្ថកិច្ច នៅច្រកអន្តរជាតិប៉ោយប៉ែត

ភ្នំពេញ៖ ក្រុមការងារទី២ គណៈកម្មការចំពោះកិច្ចចុះត្រួតពិនិត្យ និងណែនាំពង្រឹងវិធានការដល់ស្ថាប័នសម្ថកិច្ច តាមបណ្ដាច្រកទ្វារព្រំដែន ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក សៀក សុជាតិ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារទី២ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ចុះមកត្រួតពិនិត្យបញ្ជរប្រថាប់ត្រាប័ណ្ណព្រំដែន នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។

បើតាមលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ប្រធានច្រកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឱ្យដឹងថា ការអញ្ជើញចុះមកត្រួតពិនិត្យ បញ្ជរប្រថាប់ត្រាប័ណ្ណព្រំដែន ដែលប៉ុស្តិ៍ទើបបានធ្វើការសាងសង់បន្ថែមចំនួន១៤បញ្ជរ ក្នុងនោះ ០៥បញ្ជរ នៅផ្នែកប័ណ្ណព្រំដែនចេញពីប្រទេស សម្រាប់ប្រជាពលរដ្ឋទូទៅ និង០៩បញ្ជរទៀត (ចេញ០៥ ចូល០៤) សង់ស្របតាមដងផ្លូវក្រោមអគារ សម្រាប់ប្រជាពលរដ្ឋខ្មែរ-ថៃ ប្រើប្រាស់យានជំនិៈគ្រប់ប្រភេទ ជាមធ្យោបាយ ចេញ-ចូលប្រទេសប្រចាំថ្ងៃ ។

លោក បន្តថា គោលបំណងដែលប៉ុស្តិ៍សាងសង់ បញ្ជរប្រថាប់ត្រាប័ណ្ណព្រំដែនបន្ថែម គឺដើម្បីពន្លឿនការប្រថាប់ត្រាប័ណ្ណព្រំដែន ជូនអ្នកដំណើរចេញ-ចូលប្រទេសឱ្យបានឆាប់រហ័សគ្មានការកកស្ទះ ជាពិសេសបង្កភាពងាយស្រួល ដល់ជនពិការ អ្នកជំងឺ ស្រ្តីមានផ្ទៃពោះ កុមារ ចាស់ជរា ព្រះសង្ឃ និងសិក្សានុសិស្ស ។

បន្ទាប់មក លោក សៀក សុជាតិ បានជួបសំណេះសំណាល ជាមួយមន្ត្រីពាក់ព័ន្ធនៅអគារថ្មី និងបានលើកយកប្រសាសន៍ដឹកនាំ លោក សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ច ជូនដល់អង្គប្រជុំជ្រាប ព្រមទាំងបានសំណូមពរ ដល់មន្រ្តីប៉ុស្តិ៍ឱ្យបង្កើនការយកចិត្តទុកដាក់ លើការបំរើសេវាជូនអ្នកដំណើរចេញ-ចូល ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

លោក ក៏បានវាយតម្លៃខ្ពស់នូវការខិតខំយកចិត្តទុកដាក់ បម្រើសេវាជូនអ្នកដំណើរជាតិ – អន្តរជាតិរបស់កងកម្លាំងនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាពេលកន្លងមក៕

To Top