ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ជំរុញឱ្យសាលា Ecole 42 របស់​បារាំង​ខិតខំ លើកកម្ពស់ការអប់រំ និងបណ្តុះបណ្តាល សំដៅអភិវឌ្ឍ ធនធានមនុស្ស នៅកម្ពុជា

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលេីកទឹកចិត្តឱ្យសាលា Ecole 42 ខិតខំជំរុញ និងលើកកម្ពស់បន្ថែមទៀត នូវដំណើរការ នៃការអប់រំ និងបណ្តុះបណ្តាលរបស់ខ្លួន សំដៅចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការអភិវឌ្ឍធនធានមនុស្ស ។

ការលើកឡើង របស់លោកឧបនាយករដ្ឋមន្ត្រី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី ខាងលើនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Sophie Viger នាយិកាសាលា Ecole 42 របស់បារាំង នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

ក្នុងជំនួបនេះ លោកស្រីនាយិកា Sophie Viger បានលើកឡើង អំពីសកម្មភាពបណ្តុះបណ្តាល របស់សាលា Ecole 42 ដែលជាស្ថាប័នអប់រំ មានភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យា ដែលផ្តល់នូវការសិក្សា ដោយឥតគិតថ្លៃ ជាមួយគោលបំណង ផ្តល់ឱ្យសិស្សានុសិស្ស នូវជំនាញ និងចំណេះដឹង សម្រាប់អាជីពផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ ។

លោកស្រី បន្តថា គម្រូនៃកម្មវិធីអប់រំ របស់សាលា Ecole 42 គឺផ្តោតលើការរៀនសូត្របន្ត និងជាមួយមិត្តភក្តិ ដែលជាសិស្សានុសិស្សដូចគ្នា ដោយមានកិច្ចសហការ និង ការជួយគ្នាទៅវិញទៅមក នៅក្នុងការសិក្សារៀនសូត្រ ។

លោកស្រី បន្ថែមថា ដោយឡែក នៅកម្ពុជា សាលា Ecole 42 បាន និងកំពុងសហការ ជាមួយដៃគូក្នុងស្រុក ក្នុងការរៀបចំដំណើរការ នៃកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួន។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ ចំពោះវត្តមានរបស់សាលា Ecole 42 នៅកម្ពុជា ព្រមទាំងបានលេីកទឹកចិត្តឱ្យសាលា ខិតខំជំរុញ និងលើកកម្ពស់បន្ថែមទៀត នូវដំណើរការនៃការអប់រំ និងបណ្តុះបណ្តាលរបស់ខ្លួន សំដៅចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការអភិវឌ្ឍធនធានមនុស្ស ឱ្យស្របតាមដំណើរវិវឌ្ឍជឿនលឿន នៃបច្ចេកវិទ្យា ក្នុងសម័យកាលបច្ចុប្បន្ន និងតាមតម្រូវការជាក់ស្តែង របស់ទីផ្សារ នៅកម្ពុជា ៕

To Top