ព័ត៌មានជាតិ

ករណី​គ្រោះថ្នាក់ចរាចរណ៍ ឧបនាយករដ្ឋមន្ត្រី ស សុខា ចាត់ទុកឆ្នាំ២០២៤ ជាឆ្នាំឈានចូល បន្ទាត់ក្រហម

ភ្នំពេញ​ ៖​ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទាញចំណាប់អារម្មណ៍អង្គសន្និបាត និងមន្រ្តីពាក់ព័ន្ធ អំពីកំណើនគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ដោយបានចាត់ទុកឆ្នាំ២០២៤ នេះ ថាជាឆ្នាំនៃការឈានចូលបន្ទាប់ក្រហមហើយ។

ផ្អែកលើតួលេខគ្រោះថ្នាក់ចរាចរណ៍ពេញមួយឆ្នាំ២០២៣ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន១៩៥២នាក់ លោកឧបនាយករដ្ឋមន្រ្តី បានទាញការព្យាករណ៍ជាមុនថា ប្រសិនបើនៅឆ្នាំ២០២៤ នេះ គ្រប់ភាគីពាក់ព័ន្ធមិនបានបង្កើនសកម្មភាព ជាពិសេសការគោរព និងអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួនទេនោះ អត្រាអ្នកស្លាប់ដោយឃាតករលើដងផ្លូវមួយនេះ នឹងបន្តកើនឡើងលើសពីចំនួន២០០០នាក់ពុំខានឡើយ។

បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា អត្រាប្រជាពលរដ្ឋស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិងកំពុងហក់ឡើងក្នុងអត្រាខ្ពស់គួរឱ្យព្រួយបារម្ភ បើធៀបនឹងអត្រាស្លាប់ដោយសារជំងឺអេដស៍ និងស្លាប់ដោយសារមីន។ នេះមិនរាប់បញ្ចូលប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការ ដែលក្លាយជាបន្ទុកទំនួលខុសត្រូវមើលថែ និងផ្គត់ផ្គង់ការឧត្ថម្ភគាំទ្រផ្សេងៗរបស់គ្រួសារ និងរាជរដ្ឋាភិបាល។

ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ក៏បានព្រលយជាមុនដែរថា ប្រសិនបើស្ថានភាពគ្រោះថ្នាក់ចរាចណ៍មិនត្រូវបានដោះស្រាយជាដុំកំភួនទេនោះ គោលដៅទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ របស់កម្ពុជា ក៏ទំនងនឹងមិនអាចសម្រេចបានជោគជ័យនោះដែរ ហើយកម្ពុជា នឹងបន្តខាតបង់ទាំងធនធានមនុស្ស និងថវិកា ជារៀងរាល់ឆ្នាំដោយសារបញ្ហាមួយនេះ។

ទន្ទឹមនឹងការថ្លែងអំពីការត្រៀមលក្ខណៈដាក់ចេញវិធីសាស្រ្តថ្មីៗដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លោក​ ស​ សុខា បានជំរុញអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ បង្កើនការយកចិត្តទុកដាក់រឹតបន្តឹងការអនុវត្តច្បាប់ ហើយជាមួយគ្នានេះ មាតា បិតា អាណាព្យាបាល និងស្ថាប័នសាធារណៈ និងឯកជនទាំងអស់ ត្រូវចូលរួមជំរុញ និងលើកកម្ពស់ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន៕

To Top