ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌចំការមន និងបានណែនាំដល់មន្រ្តីនគរបាលទាំងពីរខណ្ឌ ត្រូវផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ទើបប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មាន ដើម្បីក្តាប់សភាពការណ៍ចេញប្រតិបត្តិការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសមានប្រសិទ្ធភាព។


លោកស្នងការ ក៏បានណែនាំដល់មន្ត្រីនគរបាលត្រូវបង្កើនយកចិត្តទុកដាក់ការចុះពង្រឹងអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ដើម្បីឲ្យមូលដ្ឋានកាន់តែមានសុខសុវត្ថិភាព។ ណែនាំត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងវិធានការជំនាញច្បាស់លាស់។


ជាមួយគ្នាននេះ លោកស្នងការ ក៏ជំរុញឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំងពីរ ត្រូវខិតខំស្រាវជ្រាវបង្រ្កាបបទល្មើសនៅសេសសល់ ឲ្យបាន មិនត្រូវទុកចោលបទល្មើសមិនចាត់ការនោះទេ និងត្រូវមានការគ្រប់គ្រងកម្លាំង សម្ភារៈ មធ្យោបាយ ឲ្យបានត្រឹមត្រូវ។ លោកថា ការអនុវត្តភារកិច្ចជោគជ័យគឺអាស្រ័យលើកត្តាទាំងនេះហើយ។ ក្នុងនោះលោកបន្តណែនាំឲ្យមន្រ្តីនគរបាលយុត្តិធម៌ត្រូវយល់ពីភារកិច្ចរបស់ខ្លួន និងការពង្រឹងការយល់ដឹងច្បាប់និងការអនុវត្តនីតិវិធី ព្រមទាំងណែនាំឲ្យមានការបំពេញភារកិច្ចតាមឋានានុក្រម និងបែងចែកវេនល្បាតប្រចាំការអនុវត្តជាប្រចាំ៕
