ភ្នំពេញ៖ ថ្មីៗកន្លងទៅនេះមន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីការទទួលបានជោគជ័យ ក្នុងការសង្គ្រោះជីវិតកុមារម្នាក់ មកពីខេត្តតាកែវ ដែលរងគ្រោះ ដោយសារការឆាបឆេះ បង្កមកពីការដុតសំរាម ដែលមានលាយឡំ សារធាតុរំសេវកាំជ្រួច និងបានបណ្តាលឲ្យរលាកដងខ្លួន ប្រមាណ៧០% ស្ទើរតែប៉ះពាល់ដល់អាយុជីវិត។
ក្នុងនោះក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា បានខំព្យាបាលដោយការវះកាត់បក និងលាងស្បែក ចំនួន ១៦ដង និងប្រើប្រាស់ឈាមប្លាស្មាអស់ ៥ប្លោក ជាមួយនិងការថែទាំដិតដល់រយៈពេល៤៦ថ្ងៃ ទើបកុមាររូបនេះ រួចផុតពីសេចក្តីស្លាប់ និងអាចត្រឡប់ទៅផ្ទះវិញ បានជាមួយស្ថានភាពប្រសើរ។
យោងតាមហ្វេសប៊ុកមូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងបន្តថា ជុំវិញបញ្ហានេះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា ក៏បានផ្តាំផ្ញើដល់អាណាព្យាបាលទាំងអស់ យកចិត្តទុកដាក់ថែទាំមើលការខុសត្រូវចំពោះកូនៗ ឲ្យបានម៉ត់ចត់ ដើម្បីចៀសពីគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ។
មន្ទីរពេទ្យគន្ធបុប្ផា បញ្ជាក់ថា ការបរិច្ចាគរបស់លោកអ្នក ពិតជាបានជួយសង្រ្គោះជីវិតកុមារនៅកម្ពុជា យ៉ាងពិតប្រាកដ ៕