ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យអាជ្ញាធរក្រុង ស្រុក ទាំង១០ ផ្សព្វផ្សាយឱ្យបានឆាប់រហ័ស នៃការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ទាំង ១០ ក្នុងការប្រជុំផ្សព្វផ្សាយ ឲ្យបានឆាប់រហ័ស នៃការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

លោកអភិបាលខេត្ត បានថ្លែងណែនាំដូច្នេះ នៅក្នុងឱកាស បើកកិច្ចប្រជុំផ្សព្វផ្សាយ ការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីអភិបាលក្រុងស្រុកទាំង ១០ និងលោក លោកស្រី មេឃុំ ចៅសង្កាត់ រួមទាំងអង្គភាពស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ដោយផ្អែកលើភាពប្រសើរឡើងនូវស្ថានភាពនៃជំងឺកូវីដ-១៩ និងការដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីជំនួយសង្គមមានលក្ខណៈអចិន្រ្តៃយ៍ និងប្រក្រតី ហើយគ្រោងនឹងដាក់ឱ្យអនុវត្តនៅក្នុងខែមេសា ឆ្នាំ២០២៤ ដើម្បីបន្តការគាំទ្រដល់គ្រួសារមានបណ្ណសមធម៌ និងដើម្បីអនុវត្តយុទ្ធសាស្ត្រចាកចេញ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ៣៧១ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការកែសម្រួល អនុក្រឹត្យលេខ៨៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៤ តាមទំហំប្រាក់ឧបត្ថម្ភថ្មី ដែលប្រាក់ឧបត្ថម្ភក្នុងទំហំថ្មីនេះ គឺត្រូវបានបែងចែកទៅតាមប្រភេទបណ្ណសមធម៌ និងកម្រិត នៃភាពក្រីក្រដដែល ប៉ុន្តែបានបញ្ឈប់ការ ឧបត្ថម្ភលើចំនួនសមាជិកគ្រួសារ ដោយរក្សាទុកនូវអត្រា ឧបត្ថម្ភសម្រាប់លក្ខខណ្ឌផ្សេងទៀត ឱ្យនៅដដែល ។

លោកអភិបាលខេត្ត បានយកឱកាសនោះ ផ្តល់ការគាំទ្រ និងការបង្កលក្ខណៈដល់ដំណើរការនៃការផ្សព្វផ្សាយ ដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដែលជាអ្នកសម្របសម្រួលផ្សព្វផ្សាយបន្ត ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងក្រោយពីទទួលបានការផ្សព្វផ្សាយនេះរួច សូមរដ្ឋបាលឃុំ សង្កាត់ ដោយមានការសម្របសម្រួលពីរដ្ឋបាលក្រុង ស្រុក កំណត់យកថ្ងៃណាមួយ ដើម្បីធ្វើការផ្សព្វផ្សាយដល់មេភូមិ អនុភូមិ និងសមាជិកភូមិ បន្តធ្វើការផ្សព្វផ្សាយ និងចែកបណ្ណផ្សព្វផ្សាយ តាមខ្នងផ្ទះអ្នកទទួលផល ឱ្យបានរួចរាល់មុនថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់អនុវត្ត ទំហំប្រាក់ឧបត្ថម្ភថ្មីនេះ ៕

To Top