ខេត្តកំពង់ស្ពឺ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ រួមជាមួយអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញ ចុះពិនិត្យវឌ្ឍនភាព គម្រោងជួសជុល ស្តារឡើងវិញ និងធ្វើទំនើបកម្មលើប្រព័ន្ធដោះទឹកនិងបង្វែរទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចាប់ផ្តើម អនុវត្តកាលពីចុងឆ្នាំ២០២៣ កន្លងទៅនេះ ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា តបតាមការចង្អុលបង្ហាញ និងមានយុទ្ធសាស្រ្តជាក់លាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដល់ស្ថាប័នពាក់ព័ន្ធ ដោះស្រាយបញ្ហាជន់លិចក្នុងអាងស្ទឹង និងទន្លេ តាមរយៈការកំណត់តំបន់ ជំនន់លិចទឹកជាប្រចាំ តំបន់លិចទឹក ហើយនិងស្រកទៅវិញ និងតំបន់លិចទឹក ដោយសារការអភិវឌ្ឍផ្សេងៗ ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំនូវផែនការ គ្រប់គ្រងទឹក ប្រើប្រាស់ទឹក និងបញ្ជាទឹក ព្រមទាំងអភិវឌ្ឍធ្វើទំនើបកម្ម លើហេដ្ឋារចនាសម្ព័ន្ធដោះទឹកជំនន់ទឹកភ្លៀង និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពទឹកប្រកប ដោយស័ក្តិសិទ្ធិភាពដល់រាជធានីភ្នំពេញ និងផ្នែកខ្លះនៃខេត្តកណ្តាល ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរយៈគម្រោងនេះ នឹងជួយបង្វែរទឹក ដែលមានបរិមាណច្រើន ហើយដែលតែងបង្កហានិភ័យ មកលើភូមិសាស្ត្រ រាជធានីភ្នំពេញ បញ្ជូនទៅតាមអាងបឹងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ឱ្យបានឆាប់រហ័ស ដោយការបង្វែរទឹក ចាប់ផ្តើមពីភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ តំបន់រលាំងជ្រៃខាងត្បូង ចំណុចវត្តអង្គជ្រៃ ស្តិតក្នុងភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង និងតាមស្ទឹងតូចក្នុងភូមិស្រែចែង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារនៅប្រឡាយមេរលាំងជ្រៃខាងត្បូង ក្នុងឃុំកាហែង ស្រុកសំរោងទង និងការងារស្តារស្ទឹងតូច ក្នុងភូមិស្រែចែង ឃុំរលាំងចក ឃុំរលាំងគ្រើល ក្នុងស្រុកសំរោងទង និង ឃុំរកាកោះ ឃុំព្រះនិព្វាន ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោករដ្ឋមន្រ្តី បានកោតសរសើរ ដល់ក្រុមការងារបច្ចេកទេស សាងសង់ដែលបានខិតខំធ្វើការ និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ ត្រូវបន្តសហការ ជាមួយ អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាជំរុញ ឱ្យការអនុវត្តគម្រោង ប្រព្រឹត្តទៅតាមផែនការ គ្រោងទុក ប្រកបដោយគុណភាពរឹងមាំយូរអង្វែង។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំអន្តរក្រសួង កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ដឹកនាំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ ស្តីពីសមាហរណកម្ម ផែនការការងារដោះទឹក និងបង្វែរទឹកភ្លៀងនិងជំនន់ទឹកភ្លៀង គ្រប់ច្រកចេញពីរាជធានីភ្នំពេញ អង្គប្រជុំបានសម្រេចឱ្យក្រសួងធនធានទឹក និងឧតុនិយមទទួលបន្ទុកធ្វើការដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ទៅតាមគ្រប់ច្រកទាំងអស់នៅផ្នែកខាងក្រៅចូលទៅក្នុងអាងទន្លេ ដោយឡែកក្រសួងសាធារណការ និងដឹកជញ្ជូន និងសាលារាជធានីភ្នំពេញ ទទួលបន្ទុកកិច្ចការដោះទឹកភ្លៀង និងទឹកកខ្វក់ចេញពីផ្ទៃក្នុង រាជធានីភ្នំពេញតាមប្រព័ន្ធលូនានា និងប្រព័ន្ធចម្រោះទឹកកខ្វក់ ៕