ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបញ្ចប់ សេចក្ដីព្រាងខ្លឹមសារគោលនៃផែនការយុទ្ធសាស្ដ្រ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន ព្រមទាំង មន្ដ្រីជំនាញនៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយមានការពិភាក្សា ដើម្បីផ្តល់ធាតុចូលដ៏មានសារៈសំខាន់ និងគ្រប់ជ្រុងជ្រោយ ក្នុងការកំណត់ចក្ខុវិស័យគឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ជាពិសេសគឺ ធានាបាននូវកំណើនប្រាក់ចំណូល គ្រួសារនៅជនបទប្រកបដោយចីរភាព និងមានសុខុមាលភាព កាន់តែល្អប្រសើរឡើង តាមរយៈ ការដាក់ចេញនូវផែនការ យុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ ដែលប្រែកម្មវិធីអាទិភាពចំនួន៥។

កម្មវិធីអាទិភាពនេះ នឹងចូលរួមអនុវត្តនូវយុទ្ធសាស្រ្ដ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងប៉ិនប្រសព្វរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែលមានបាវចនា ៥ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដើម្បីសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០៕




