ភ្នំពេញ ៖ លោក François GUEZ អគ្គនាយកក្រុមហ៊ុន PL Vista មានគម្រោងពង្រីកអាជីវកម្ម ផ្គត់ផ្គង់ផលិតផលទារក គ្រួសារ និងការថែទាំគេហដ្ឋាន ដោយនឹងនាំចូលផលិតផល តាមបែបស្តង់ដារអឺរ៉ុប របស់ខ្លួន មកកាន់ទីផ្សារកម្ពុជា ។

ការបង្ហាញពីគម្រោងនាំចូល ផលិតផលតាមបែបស្តង់ដារអឺរ៉ុបរបស់ ប្រធានក្រុមហ៊ុន PL Vista ធ្វើឡើងក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ។
ក្នុងជំនួបនេះ លោក François GUEZ បានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន PL Vista ដែលជាក្រុមហ៊ុនមានឯកទេស លើការផ្គត់ផ្គង់ផលិតផលទារក គ្រួសារ និងការថែទាំគេហដ្ឋាន ។ ក្នុងឱកាសនោះផងដែរ លោកអគ្គនាយកក្រុមហ៊ុន ក៏បានជម្រាបជូន សម្តេចធិបតី អំពីគម្រោង នៃការពង្រីកអាជីវកម្ម ដោយនឹងនាំចូលផលិតផល តាមបែបស្តង់ដារអឺរ៉ុប របស់ខ្លួនមកកាន់ទីផ្សារកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតីបានស្វាគមន៍ ចំពោះការពង្រីក វិនិយោគរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ព្រមទាំងបានបញ្ជាក់ជូនថា រាជរដ្ឋាភិបាល បន្តផ្តល់នូវការជួយគាំទ្រ និងសម្របសម្រួលដល់បរិយាកាស វិនិយោគនានានៅកម្ពុជា លើផ្អែកគោលនយោបាយ ច្បាប់ និងបទដ្ឋានគតិយុត្ត សំដៅធ្វើយ៉ាងណាឱ្យការធ្វើធុរកិច្ច នៅកម្ពុជាទទួល បានភាពជោគជ័យ និងរីកចម្រើន ៕
