ភ្នំពេញ៖ ក្រសួងរ៉ែនិងថាមពល និងក្រុមហ៊ុនសាធារណៈ និងឯកជនរបស់បារាំង ចំនួន៤ បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីពង្រីកបន្ថែម នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យថាមពល នៃប្រទេសទាំងពីរ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងរ៉ែនិងថាមពល បានឱ្យដឹងថា ក្នុងអំឡុងដំណើរទស្សនកិច្ច ផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១៨ដល់១៩ ខែមករា ឆ្នាំ២០២៤ នេះ ក្រសួងរ៉ែ ជាមួយក្រុមហ៊ុនសាធារណៈ និងឯកជនរបស់បារាំង បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ចំនួន០៣ រួមមាន៖
១/ អនុស្សរណៈយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Hydrogène de France SA ស្ដីពីការ សិក្សាសមិទ្ធិលទ្ធភាពនិងអភិវឌ្ឍន៍គម្រោងអ៊ីដ្រូសែនទំហំ ១០មេហ្កាវ៉ាត់ សម្រាប់វិស័យអគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជា (Feasibility Study and Development of a 10 MW Hydrogen Project for Power Sector in the Kingdom of Cambodia) ។
២/ អនុស្សរណៈយោគយល់គ្នា រវាងក្រសួងរ៉ែនិងថាមពល ជាមួយក្រុមហ៊ុន Electricité de France SA ស្ដីពីការ កំណត់អត្តសញ្ញាណកម្ម និងអភិវឌ្ឍន៍គម្រោងថាមពលបូមទឹកស្តុកទុក នៅព្រះរាជាណាចក្រកម្ពុជា (Identification and Development of a Pumped Energy Storage Project in the Kingdom of Cambodia)។
៣/ អនុស្សរណៈយោគយល់គ្នា រវាងក្រសួងរ៉ែនិងថាមពល ជាមួយក្រុមហ៊ុន VINCI Construction Grands Projets និងក្រុមហ៊ុន Sage Engineering ស្តីពីការសិក្សាសមិទ្ធិលទ្ធភាព គម្រោងបំប្លែងសំរាម របស់លំនៅដ្ឋាន ទៅជាអគ្គិសនី សម្រាប់បញ្ចូលទៅក្នុងខ្សែសង្វាក់ នៃការគ្រប់គ្រងសំរាមនៅក្នុងរាជធានីភ្នំពេញ នៅព្រះរាជាណាចក្រកម្ពុជា (FeasibilityStudy for a Household Waste Incinerator Project (WTE) Integrated into the Waste Management Value Chain in Phnom Penh, Kingdom of Cambodia)។
ក្រសួងបញ្ជាក់ថា «តាមរយៈការពង្រីកបន្ថែម នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យថាមពល រវាងកម្ពុជានិងបារាំងនេះ នឹងបន្តជំរុញការអភិវឌ្ឍថាមពលកកើតឡើងវិញ និងការងារប្រសិទ្ធភាពថាមពល ដែលប្រទេសទាំងពីរ បាននិងកំពុងរួមគ្នា អនុវត្ត ហើយជាការតម្រង់ទិស ឆ្ពោះទៅរកការបង្កើនល្បឿន អន្តរកាលថាមពល ទាំងនៅកម្ពុជានិងនៅក្នុងតំបន់ ក៏ដូច ជាចូលរួមជាមួយសកលលោក ក្នុងគោលដៅដើម្បីធ្វើយ៉ាងណា ឱ្យការអភិវឌ្ឍអន្តរកាលថាមពល មានភាពធ្ងន់ មានស្ថិរភាព មានថ្លៃសមរម្យ ជឿទុកចិត្តបាន និងធានាបាននូវសន្តិសុខថាមពល សម្រាប់ប្រទេស ព្រមទាំងមានចីរភាព សម្រាប់បរិស្ថាន»៕