ព័ត៌មានជាតិ

កម្ពុជា-បារាំង រំពឹងថា ការចរចាលើកិច្ចព្រមព្រៀង អន្តររដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យការពារជាតិ នឹងត្រូវបញ្ចប់ឱ្យបានឆាប់

ភ្នំពេញ៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​​បារាំង បានបង្ហាញនូវក្តីរំពឹងថា ការចរចាដើម្បីធ្វើបច្ចុប្បន​្នភាព លើកិច្ចព្រមព្រៀង អន្តររដ្ឋាភិបាល គ្របដណ្តប់លើកិច្ច សហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យការពារជាតិ នឹងត្រូវបញ្ចប់ឲ្យបានឆាប់ ។

ការបង្ហាញក្តីរំពឹងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរធ្វើឡើង ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ទៅកាន់ប្រទេសបារាំង ចាប់ពីថ្ងៃទី១៨ -១៩ ខែមករា ឆ្នាំ២០២៤ តាមរយៈ សេចក្តីថ្លែងការណ៍រួម នៃកិច្ចសន្ទនារវាងប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីស នាថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ ។

ក្នុងនោះបារាំង និងកម្ពុជា បានសម្តែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែស៊ីជម្រៅលើវិស័យ ការពារជាតិ មានជាអាទិ៍ ក្នុងក្របខ័ណ្ឌ នៃការហ្វឹកហ្វឺន បោសសម្អាតមីន សម្រាប់ទាហានកម្ពុជា ព្រមទាំងការបំប៉ន ភាសាបារាំង ដល់កងរក្សាសន្តិភាពមួកខៀវ ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។ កិច្ចសហប្រតិបត្តិការនេះ បង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នាដ៏ជាក់ស្ដែង ក្នុងប្រតិបត្តិការ ដើម្បីថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ដូចដែលបានឆ្លុះបញ្ចាំង តាមរយៈការគាំទ្ររបស់កម្ពុជា ក្នុងការបណ្តុះបណ្តាល ដល់អ្នកដោះមីនអ៊ុយក្រែន ក្នុងគោលបំណងមនុស្សធម៌ ។

ជាមួយគ្នានេះ សម្តេចធិបតី និងលោក អេម៉ានុយអែល ម៉ាក្រុង បានសម្តែងនូវក្តីរំពឹងថា ការចរចា ដើម្បីធ្វើបច្ចុប្បន្នភាព លើកិច្ចព្រមព្រៀង អន្តររដ្ឋាភិបាល គ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យការពារជាតិ នឹងត្រូវបញ្ចប់ ឱ្យបានឆាប់ នាពេលខាងមុខនេះ៕

To Top