ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការណែនាំតាមមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងត្រូវមានសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ដែលមានបទពិសោធន៍ និងធនធាន ដើម្បីជំរុញការងារអភិវឌ្ឍជនបទ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ។
ការណែនាំនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលនិងសាកសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
ក្រៅពីនេះលោករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើបន្ថែម ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំង ២ ដូចខាងក្រោម៖
១/ ត្រូវបន្ដថែរក្សាសមិទ្ធផលនិងស្នាដៃ ដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀត ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០
២/ ក្នុងនាមមន្ដ្រីរាជការ ត្រូវបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ជាមន្រ្ដីបម្រើប្រជាពលរដ្ឋ ដើម្បីប្រែក្លាយកម្ពុជាជាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនរុងរឿង
៣/ មន្ទីរត្រូវបង្កើនការផ្សព្វផ្សាយ និងបង្កើតឱ្យមានក្រុមអ្នកនាំពាក្យ របស់មន្ទីរដើម្បីទំនាក់ទំនង និងផ្ដល់ព័ត៌មានពីគ្នាទៅវិញទៅមក ក្នុងគោលដៅចូលរួម ផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ក៏ដូចជាសមិទ្ធផល របស់ក្រសួងអភិវឌ្ឍន៍ជនបទ ពីដើមអាណត្តិឱ្យបានកាន់ តែទូលំទូលាយ ដល់ស្រទាប់មហាជនតាមរយៈបណ្ដាញសង្គម
៤/ ថ្នាក់ដឹកនាំមន្ទីរត្រូវ យកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដីរាជការ និងត្រូវលើកទឹកចិត្តតាមរយៈ ការដំឡើងតួនាទី ឋានន្ដរស័ក្ដិ គ្រឿងឥស្សរិយយស ឬមធ្យោបាយផ្សេងៗ។
៥/ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនប្រកាន់បក្ខពួក យកចិត្តទុកដាក់មន្ត្រីរាជការមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម ៕