ព័ត៌មានជាតិ

ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នឹងប្រែក្លាយខ្មែរជនជាតិដើមភាគតិច ពីការប្រកបរបរប្រពៃណី មករបរវិជ្ជាជីវៈដែលមានចំណូលខ្ពស់

ភ្នំពេញ៖លោក សែម ប៉ាត នាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តរតនគីរី បានលើកឡើងថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល គឺជាឱកាសល្អសម្រាប់ខ្មែរជនជាតិដើមភាគតិចដើម្បីប្រែក្លាយពីការប្រកបរបរបែបប្រពៃណីមកជារបរបែបបច្ចេកទេសវិជ្ជាជីវៈដែលមានចំណូលខ្ពស់និងមានភាពឋិតថេរ។


ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤កន្លងទៅបានបើកបវេសនកាលជាផ្លូវការការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។


លោកថា៖«យើងដឹងហើយថាបងប្អូនជនជាតិដើមរបស់យើងគាត់ចូលព្រៃអាស្រ័យផលដែលជាមុខរបរចិញ្ចឹមជីវិតជាប្រពៃណីរបស់ពួកគេ ប៉ុន្តែចាប់តាំងពីបើកឱ្យមានការចុះឈ្មោះចូលរៀនជំនាញរបស់រាជរដ្ឋាភិបាល យើងឃើញមានជនជាតិភាគតិចរបស់យើងមកចុះឈ្មោះចូលរៀនដែរ»។


បើតាមលោក សែម ប៉ាត វិទ្យាស្ថាន បានទទួលយុវជនដែលជាជនជាតិដើមភាគតិចមកចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន៦១នាក់ដែលភាគច្រើនជាជនជាតិ ព្រៅ កាវ៉ែត ទំពួន គ្រឹង ចារ៉ាយ កាចក់ និងឡាវ ហើយសិក្ខាកាមភាគច្រើន ស្រឡាញ់ជំនាញសេវាកម្មសម្អាងកាយ រចនាក្រាហ្វិកដោយកុំព្យូទ័រ ដំឡើងបណ្ដាញអគ្គិសនី និងសេវាកម្មកាត់សក់បុរស។


សូមបញ្ជាក់ថា ចាប់តាំងពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១.៥ លាននាក់កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ មក មានយុវជនចំនួន ២៤០នាក់ក្នុងនោះស្រី ៩៧នាក់ បានចុះឈ្មោះចូលរៀនជំនាញនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគីរីលើជំនាញចំនួន៥ដែលរួមមានការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មកាត់សក់បុរស និងសេវាវកម្មសម្អាងកាយ៕

To Top