ព័ត៌មានជាតិ

សម្ដេចធិបតី ឲ្យកងទ័ពបង្កើនការប្រុងប្រយ័ត្ន និងត្រៀមទប់ស្កាត់បញ្ហាសកល និងមហិច្ឆតាជនក្បត់ជាតិ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំដល់កងទ័ព បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមវិធានការទប់ស្កាត់ ប្រកបដោយភាពបត់បែន និងម្ចាស់ការ ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកល និងមហិច្ឆតាអាក្រក់របស់ជនក្បត់ជាតិ។

តាមរយៈលិខិតផ្ញើទៅនាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពល ក្នុងកាសខួបអនុស្សាវរីយ៍ លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) សម្ដេចធិបតីបញ្ជាក់ថា «ទោះបីជាយើងមានមោទកភាពចំពោះស្នាដៃ និងសមិទ្ធផលជាច្រើន ដែលសម្រេចបានមកហើយយ៉ាងណាក្តី ប៉ុន្តែយើងទាំងអស់គ្នាក៏សុទ្ធតែបានជ្រួតជ្រាបថា ឆ្នាំ២០២៤នេះ បើទោះបីជាកម្ពុជាទទួលរងឥទ្ធិពលតិចតួច ឬដោយប្រយោលពីស្ថានការណ៍ អសន្តិសុខរបស់ពិភពលោកក៏ដោយ បញ្ហាអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ប្រភេទនៅ តែជាកម្មវត្ថុដ៏សំខាន់ប្រកបដោយគ្រោះថ្នាក់ គួបផ្សំនឹងភាពផុយស្រួយ ដែលបង្កឡើងដោយការវិវត្ត ប្រែប្រួលនៃសភាពការណ៍អន្តរជាតិ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់មហាអំណាច ការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍ពណ៌ ព្រមទាំងការគំរាមកំហែងលើឯករាជ្យ អធិតេយ្យ និងបូរណភាពទឹកដី ព្រមទាំងមហិច្ឆតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយមួយក្តាប់តូច ដែលចាំបាច់ទាមទារ ឲ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមវិធានការទប់ស្កាត់ ប្រកបដោយភាពបត់បែន និងម្ចាស់ការ»។

សម្ដេចធិបតីបន្ដថា គោលដៅដ៏សំខាន់ពីរ នៃគោលនយោបាយការពារជាតិ របស់រាជរដ្ឋាភិបាល គឺការធ្វើឲ្យប្រទេសជាតិមានសុខ សន្តិភាព ស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការ អភិវឌ្ឍជាតិប្រកបដោយចេរភាព។ សុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ននេះ ជាពិសេស គឺគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញនេះ ក៏កំពុងតែផ្តល់ឱកាសមួយសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទផងដែរ។

សម្ដេចធិបតីបន្ថែមថា ចំពោះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាគ្រប់បណ្តាកងឯកភាព ទូទាំងកងយោធពលខេមរភូមិន្ទ ត្រូវតែបន្តជំរុញយកចិត្តទុកដាក់ លើការងារកែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឲ្យមានប្រសិទ្ធភាព និងធ្វើយ៉ាងណា កសាងពង្រឹងអង្គភាពឲ្យបានរឹងមាំលើគ្រប់វិស័យ ដែលជាមូលដ្ឋានដ៏ចាំបាច់ ធានាឲ្យការដឹកនាំបញ្ជា ការកសាងកម្លាំង និងការពង្រឹងប្រៀបការពារជាតិរឹងមាំ៕

To Top