ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំ ប្រមូលតម្រូវការអាទិភាព របស់មូលដ្ឋានសម្រាប់ការកសាង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧)

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអញ្ជើញដឹកនាំកិច្ច ប្រជុំណែនាំ ស្តីពីការប្រមូលតម្រូវការ អាទិភាពរបស់មូលដ្ឋាន សម្រាប់ការកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលខេត្ត និងផ្សព្វផ្សាយ សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) ។

កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ នៅមន្ទីរផែនការខេត្តកំពង់ចាម ដោយមានការចូលរួម ពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និង លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញ ខេត្ អភិបាលក្រុង ស្រុក និងតំណាងអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ទៅកាន់អង្គប្រជុំថា កិច្ចប្រជុំនៅថ្ងៃនេះពិតជាមានសារៈសំខាន់ ពីព្រោះបានបង្ហាញពីការអនុវត្តនូវតួនាទី និងភារកិច្ចស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រដ្ឋបាលខេត្ត បានអនុវត្តច្បាប់ គោលនយោបាយរបស់រាជរដ្ឋាភិបាល និងតាមរយៈនៃការខិតខំរួមគ្នា ក្នុងការអភិវឌ្ឍន៍ដើម្បីធានាបាននូវសន្តិសុខនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាពសង្គម ហើយជីវភាពប្រជាពលរដ្ឋ កាន់តែសម្បូរសប្បាយ និងរីកចម្រើនជាលំដាប់។

លោកអភិបាលខេត្ត មានប្រសាសន៍បន្តថា ក្រោយពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយក្នុងនោះមានគោលដៅយុទ្ធសាស្ត្រចំនួន ៥គឺ៖

ទី១ ៖ ធានាឲ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំរង្វង់ ៥%

ទី២ ៖ បង្កើនការងារឲ្យបានកាន់តែច្រើនទាំងបរិមាណ និងគុណភាព

ទី៣ ៖ សម្រេចឲ្យបាននូវគោលដៅ កាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង ១០%

ទី៤ ៖ ពង្រឹងសមត្ថភាព អភិបាលកិច្ច និងលើកកម្ពស់គុណភាពសា្ថប័ន

ទី៥ ៖ ធានាឲ្យបាននូវចីរភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top