ព័ត៌មានជាតិ

កម្ពុជា និងUN-ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍សង្គម -សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព រស់នៅពលរដ្ឋ

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សា ការងាររវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី អាមីដា សាល់សៃ អាលីហ្សាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិអង្គការ UN-ESCAP នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ភាគីទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងជំនួបនេះ លោកស្រី អាមីដា អរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយនឹងអង្គការ UN-ESCAP ។ លោកស្រី ក៏បានគោរពជូន សម្ដេចធិបតី ដោយសង្ខេបនូវវិស័យអាទិភាពចំនួន ៤ ដែលនៅក្នុងក្របខ័ណ្ឌនៃការបន្តកិច្ចសហប្រតិបត្តិការ រួមមាន ៖ ទី១) ការផ្ដល់កិច្ចគាំពារ ដល់ប្រជាជន ដោយឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ចោល » និងកិច្ចការពារបរិស្ថានដោយផ្ដោត ជាអាទិភាព លើការប្រែប្រួលអាកាសធាតុ ។ ទី ២) ការសម្របសម្រួល នៅក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្ម ដោយជំរុញការតភ្ជាប់ នៃវិស័យពាណិជ្ជកម្ម នៃបណ្ដាប្រទេស សមាជិក នៃអង្គការ UN-ESCAP ។ ទី៣) ការកសាង និងពង្រឹងសមត្ថភាពឌីជីថល សម្រាប់ប្រជាពលរដ្ឋ និង ទី៤)ការគាំទ្រ ផ្នែកហិរញ្ញវត្ថុដើម្បីរួមចំណែកសម្រេច នូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណ ដល់អង្គការ UN-ESCAP ចំពោះការចូលរួមការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទៅលើវិស័យជាច្រើននៅកម្ពុជានាពេលកន្លងមក ។ សម្ដេចធិបតី បានកោតសរសើរ និងអរគុណចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហប្រតិបត្តិការរបស់អង្គការ UN-ESCAP ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងជំនួបនេះដែរ សម្តេចធិបតី ក៏បានជម្រាបជូន លោកស្រីថា អ្វីដែលលោកស្រី បានលើកឡើងខាងលើ មានភាពប្រទាក់ក្រឡា និងស្របគ្នាជាមួយនឹង ក្របខ័ណ្ឌគោលនយោបាយ និង ក្របខ័ណ្ឌយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស ការដាក់ចេញនូវយុទ្ធសាស្រ្ត បញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តល់អាទិភាពលើការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ តាមរយៈការកសាងភាពធន់ និងកំណើនចីរភាព សំដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បីប្រែក្លាយ ទៅជាប្រទេសមានចំណូលខ្ពស់៕

To Top