ភ្នំពេញ ៖ លោក ប៊ូ សំអាត នាយកវិទ្យាស្ថាន ពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិនខេត្តព្រះសីហនុ បានលើកឡើងថាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គទី១ វិទ្យាស្ថានរបស់លោក គឺផ្តោតទៅលើ៣ចំណុចសំខាន់ ដើម្បីឱ្យការបណ្តុះបណ្តាលប្រកបដោយគុណភាព សិក្ខាកាមឆាប់ទទួល បានចំណេះដឹង និងមានភាពរីករាយ ក្នុងការសិក្សា។នាយកវិទ្យាស្ថាន ពហុបច្ចេកទេស មិត្តភាពកម្ពុជាចិន ខេត្តព្រះសីហនុ ថា ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈវគ្គទី១ ផ្តោតលើ៣ចំណុចសំខាន់ៗ

បើតាមលោក ប៊ូ សំអាត ៣ចំណុចសំខាន់ៗមានដូចជា៖ ទី១.ការរៀនទ្រឹស្តីនៅក្នុងថ្នាក់ ,ទី២.ការអនុវត្តន៍ផ្ទាល់នៅក្នុងរោងជាង និងបន្ទប់ ពិសោធន៍ ដែលមាននៅ ក្នុងសាលាផ្ទាល់ និងទី៣, ការចុះកម្មសិក្សា នៅតាមរោងចក្រសហគ្រាសនានា ។ សម្រាប់ដំណាក់កាលនីមួយៗ សុទ្ធសឹងតែជារបៀប នៃការសិក្សាមួយធ្វើឱ្យសិស្សចង់រៀនសូត្រ និងទទួលបានចំណេះដឹងប្រកបដោយវិជ្ជាជីវៈ។

លោកបន្ថែមថា ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គទី១កំពុងដំណើរការទៅយ៉ាងរលូន សិស្សានុសិស្ស សិក្ខាកាមបានមករៀនគ្រប់ៗគ្នា ប្រកបដោយភាពរីករាយ។ សិក្ខាកាមចូលរួមយ៉ាងសកម្មភាព រាល់សកម្មភាពបង្រៀន សិក្សាស្រាវជ្រាវនិង ការអនុវត្តន៍ផ្ទាល់នានាផងដែរ។
តាមរយៈការយកចិត្តទុកដាក់រៀន សូត្ររបស់យុវជននេះ លោកសង្ឃឹមថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ របស់ពួកគេនឹងទទួលបានលទ្ធផលល្អ មានសមត្ថភាពបន្ទាប់ ពីរៀនចប់រយៈពេល៤ខែខាងមុខ ។

លោកគូសបញ្ជាក់ថា សម្រាប់វិទ្យាស្ថាន នៅតែបន្តទទួលពាក្យយុវជន មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈដដែល បើទោះបីការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈវគ្គទី១ កំពុងដំណើរការក៏ដោយ ។ សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅតែបន្តអាចមកចុះឈ្មោះចូលរៀន និងទទួលបានប្រាក់ឧបត្ថម្ភដដែល ។

គូរបញ្ជាក់ថាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានបើកជាផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣នោះ បានបោះជំហានមួយដំណាក់ កាលទៀតហើយពោលគឺ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកបវេសនកាល ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈវគ្គដំបូង ។ គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះមានយុវជនចំនួន១៩ ៨០៦នាក់ ក្នុងនោះមាន៦៧៣ ថ្នាក់បណ្តុះបណ្តាលនៅទូទាំងប្រទេស ៕
