ព័ត៌មានជាតិ

ប្រពន្ធអ្នកស្លាប់អះអាងថា ម្តាយជនបង្កឈ្មោះព្រហ្ម វិចិត្រសុសក្ដា ប្តឹងទារសំណងជិត១លានដុល្លារ

ភ្នំពេញ ៖ ប្រពន្ធអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីចុងឆ្នាំ២០២៣បានអះអាងថា ម្តាយជនបង្កឈ្មោះព្រហ្ម វិចិត្រសុសក្ដា ជាអ្នកបើករថយន្ដទំនើបម៉ាក Jeep ធ្វើឲ្យប្តីខ្លួនស្លាប់ ហើយដែលបានប្តឹងបកត្រឡប់មកក្រុមគ្រួសារខ្លួន៤នាក់ បានទារសំណងសរុប៨០ម៉ឺនដុល្លារ ។

អាខោនហ្វេសប៊ុកឈ្មោះ “Juppy” ដែលជាប្រពន្ធកីឡាករជម្រើសជាតិផ្នែកវាយសីស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលកាលពីជាង១ខែមុនោះបាន​បង្ហាញសំណេរយ៉ាងខ្លីអមដោយរូបថតនៃបុណ្យសពប្តី នាថ្ងៃ២២ មករា ថា «ប្តឹងក្រុមគ្រួសារខ្ញុំ៤នាក់ទារសំណងសរុបប្រហាក់ប្រហែលនឹង៨០ម៉ឺនដុល្លារអាមេរិក» ។

ជាមួយគ្នានេះ ស្រ្តីជាប្រពន្ធក៏បានឲ្យដឹងទៀតថា ក្នុងចំណោមសាច់ញាតិខ្លួនទាំង៤នាក់ដែលរងបណ្តឹងពីស្រ្តី ឈ្មោះ សុខ លីណា នោះគឺម្នាក់ៗត្រូវផ្តល់សំណងប្រមាណជាង២០ម៉ឺនដុល្លារ ។

កាលពីថ្ងៃ១៧ មករា លោកស្រី សុខ លីណា ជាម្តាយជនបង្កបានប្តឹងទៅក្រុមគ្រួសារអ្នកស្លាប់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បទបរិហារកេរ្តិ៍តាមសារព័ត៌មាន និងបទជេរប្រមាថជាសាធារណៈ ខណៈមិនទាន់ទាំងដោះស្រាយសំណងទៅក្រុមគ្រួសារជនរងគ្រោះនៅឡើយ ៕

To Top