ភ្នំពេញ៖ លោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា បានគំាទ្រយុទ្ធសាស្រ្តបញ្ចកោណរាជរដ្ឋាភិបាល ដោយបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ។
លោក ចាស្ទីន ខេវិន វ៉ាយអេត បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នាថ្ងៃ២៣ មករា ។
លោក ចាស្ទីន ខេវិន វ៉ាយអេតគូសបញ្ជាក់ថា «អូស្រ្តាលីបានគំាទ្រចំពោះយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់សុខមាលភាពពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ និងសមភាពយេនឌ័រ ធ្វើកំណែទម្រង់និងអភិបាលកិច្ច ពង្រឹងវិស័យសន្តិសុខនិងការពារជាតិ ជាដើម»។
លោកឯកអគ្គរដ្ឋទូត កោតសរសើរកម្ពុជា បានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួល កងកម្លំាងថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩១ ទៅជាប្រទេសដែលបាន បញ្ជូនកងកម្លំាងថែរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ទៅចូលរួមថែរក្សាសុខសន្តិភាព នៅតាមប្រទេសជាច្រើន នៅលើសកលលោកវិញ។
សម្តេច ឃួន សុដារី គំាទ្រចំពោះលទ្ធផលពិភាក្សាការងារ រវាងឯកអគ្គរដ្ឋទូតអូស្រ្តាលី ជាមួយសម្តេច ហ៊ុន ម៉ាណែត កាលពីថ្ងៃ២២ មករា ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំ នៃរដ្ឋាភិបាលប្រទេសទំាងពីរ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយគ្នាកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត។ សម្តេច បានគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទំាងពីរជាទំនាក់ទំនងដ៏ល្អ ប្រែក្លាយពីមិត្តភាពដ៏ជិតស្និទ្ធជាដៃគូយុទ្ធសាស្រ្ត ឈរលើសាមគ្គីភាព មិត្តភាព ការស្មោះត្រង់ និងការយោគយល់គ្នា ដើម្បីផលប្រយោជន៍ប្រទេសទំាងពីរ ក៏ដូចជាការចូលរួមរក្សាការពារ សុខសន្តិភាពក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
សម្តេចប្រធានរដ្ឋសភា ក៏ស្នើដល់ប្រទេសអូស្រា្តលី ជួយគំាទ្រដល់គោលដៅអភិវឌ្ឍន៍រដ្ឋសភាកម្ពុជា ទៅជាសភាឌីជីថល ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងាររដ្ឋសភា ក្នុងការបម្រើផលប្រយោជន៍ប្រជាជន ពលរដ្ឋ និងប្រទេសជាតិ ស្របតាមការរីកចម្រើនសម័យបច្ចេកវិទ្យា។ សម្តេច បានស្នើប្រទេសអូស្រ្តាលី ជួយបណ្តុះបណ្តាលបច្ចេកវិទ្យា និងផ្តល់អាហារូបករណ៍ ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានទៅសិក្សានៅប្រទេសអូស្រ្តាលី៕