ព័ត៌មានជាតិ

រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ សេចក្ដីព្រាងចុងក្រោយ នៃផែនការយុទ្ធសាស្រ្ដ អភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះបានអញ្ជើញ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ សេចក្ដីព្រាងចុងក្រោយ នៃផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយករង លោក លោកស្រី ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយមានការពិភាក្សា និងផ្តល់យោបល់បន្ថែម ដើម្បីផ្តល់ធាតុចូលដ៏មានសារៈសំខាន់ និងគ្រប់ជ្រុងជ្រោយ ក្នុងការកំណត់ចក្ខុវិស័យគឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដើម្បីធានាបាននូវកំណើនប្រាក់ចំណូល គ្រួសារនៅជនបទ ប្រកបដោយចីរភាព និងមានសុខុមាលភាព កាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវផែនការ យុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ ដែលប្រែកម្មវិធីអាទិភាពចំនួន ៥។

កម្មវិធីអាទិភាពទាំង៥ នេះ នឹងចូលរួមអនុវត្តនូវយុទ្ធសាស្រ្ដ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ ក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែលមានបាវចនា ៥ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ឌីជីថល ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិត ខ្ពស់នៅឆ្នាំ២០៥០ ។

លោករដ្ឋមន្រ្ដី បានផ្តល់អនុសាសន៍បន្ថែម និងស្នើឲ្យមានការផ្សព្វផ្សាយផែនការ យុទ្ធសាស្រ្ដ អភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ក្រោមឱវាទក្រសួង ដើម្បីឱ្យបានដឹង និងចូលរួមអនុវត្តនូវផែនការ និងបេសកកម្ម របស់ក្រសួងសម្រាប់រយៈពេល ៥ឆ្នាំទៅមុខទៀត ៕

To Top