ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជារដ្ឋមន្រ្តីក្រសួង នគរបាលវៀតណាម បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន ទំនាក់ទំនងវិស័យសន្តិសុខ រវាងកម្ពុជា-វៀតណាម គឺជាសសរស្ដម្ភដ៏រឹងមាំ ដែលត្រូវតែបន្តពង្រឹងនិងពង្រីក ឲ្យកាន់តែរីកចម្រើនថែមទៀត ។

ការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក តូ ឡឹម ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា នៅវិមាន ៧មករា នាថ្ងៃទី២៣ មករា ។
សម្ដេចតេជោ ចាត់ទុកទស្សនកិច្ចរបស់ប្រតិភូ ក្រសួងនគរបាលវៀតណាម នៅកម្ពុជានាពេលនេះ ពិតជាបានរួមចំណែកបន្ថែមទៀត ក្នុងការពង្រឹងនូវទំនាក់ទំនង រវាងគណបក្សរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត។

លោករដ្ឋមន្ត្រី បានបញ្ជាក់ជូនសម្ដេចតេជោថា គណបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាប្រជាជនវៀតណាម គាំទ្រយ៉ាងពេញទំហឹង ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាថ្មី ដែលមានសម្ដេចអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។
ជាមួយគ្នានោះលោករដ្ឋមន្ត្រី ក៏បានជូនពរចំពោះគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យ ចំពោះការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ ក៏ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលខាងមុខ។

លោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងគណបក្សទាំងពីរ នាពេលកន្លងមក ហើយលោកបានសង្កត់ធ្ងន់ថា «ទំនាក់ទំនងរវាងវិស័យសន្តិសុខ នៃប្រទេសទាំងពីរ គឺជាសសរស្ដម្ភដ៏រឹងមាំ ដែលយើងត្រូវតែបន្តពង្រឹងនិងពង្រីក ឲ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ» ។
សម្ដេចតេជោ ហ៊ុន សែន បានឯកភាពអំពីការរីកចម្រើន នៃទំនាក់ទំនងរវាងគណបក្សទាំង២ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំនិងរីកចម្រើនជាលំដាប់។

សម្ដេចតេជោក៏បានជូនពរ ដល់ទំនាក់ទំនងជាប្រពៃណី រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កាន់តែរឹងមាំឋិតថេរចេរកាល យូរអង្វែងទៅទៀត ។ នៅក្នុងកិច្ចសន្ទនាគ្នានោះដែរ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នា មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងជាមួយនឹងប្រទេសវៀតណាម ឬក៏ប្រឆាំងនឹង ប្រទេសកម្ពុជានោះឡើយ៕
