ព័ត៌មានជាតិ

កម្ពុជា-វៀតណាម ឯកភាពគ្នា បង្កើនកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆ្លងដែនគ្រប់ប្រភេទ

ភ្នំពេញ ៖ កម្ពុជា-វៀតណាម បានឯកភាពគ្នា បង្កើនកិច្ចសហការទប់ស្កាត់ និង បង្ក្រាបបទល្មើសឆ្លងដែន គ្រប់ប្រភេទ ព្រមទាំងការផ្លាស់ប្តូរ បទពិសោធន៍ការងារ សំដៅឆ្លើយតបបានសមស្រប ទៅនឹងការវិវត្តស្មុគស្មាញ នៃបទល្មើសនានា។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំពិនិត្យវាយតម្លៃ លទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើ ផែនការសហប្រតិបត្តិការ ឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាល វៀតណាម នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ដើម្បីបន្តអនុវត្តនូវយន្តការសហប្រតិបត្តិការអនុវត្តច្បាប់កាន់តែសកម្ម និងខ្លាំងក្លាថែមទៀត លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួង នគរបាលវៀតណាម បានចុះហត្ថលេខាលើផែនការ សហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួង នគរបាលវៀតណាម ព្រមទាំងបាន ឯកភាពយកចិត្តទុកដាក់ បន្តអនុវត្តកិច្ចការសំខាន់ៗ មួយចំនួន រួមមាន ៖

ទី១- បង្កើនកិច្ចសហការបង្ការ ទប់ស្កាត់ និង បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ទាំងក្នុងក្របខណ្ឌ ទ្វេភាគី និងតំបន់ ព្រមទាំងការផ្លាស់ប្តូរ បទពិសោធន៍ការងារ និងការអភិវឌ្ឍធនធានមនុស្សសំដៅឆ្លើយតប បានសមស្របទៅនឹងការវិវត្តស្មុគស្មាញ នៃបទល្មើស ជាពិសេសបទល្មើសមិន ប្រពៃណីដែលកំពុងមានកើនឡើង យ៉ាងឆាប់រហ័ស ។

ទី២- សហការជំរុញ ការបើកដំណើរការជាផ្លូវការ នូវបណ្តាច្រកទ្វារព្រំដែនអន្តរជាតិ ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក ដើម្បីឱ្យសមស្របតាមបរិបទរីកចម្រើននៃសេដ្ឋកិច្ច សង្គម និងជំរុញដល់កំណើន នៃការផ្លាស់ប្តូរពាណិជ្ជកម្ម ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជន និង ប្រជាជន ដែលបន្តមានការកើនឡើងជាលំដាប់ ក៏ដូចជារួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

ក្នុងឱកាសនៃកិច្ចប្រជុំទ្វេភាគីនេះ ក្នុងស្មារតីលើកកម្ពស់ទំនាក់ទំនងរវាងភាគីទាំងពីរ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានជម្រាបជូន ឧត្តមសេនីយ៍ឯក តូ ឡឹម ផងដែរថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នឹងនៅតែបន្តខិតខំពង្រឹង ពង្រីកកិច្ច សហប្រតិបត្តិការ ជាមួយក្រសួងនគរបាល នៃសាធារណរដ្ឋសង្គម និយមវៀតណាម កាន់តែជិត ស្និទ្ធថែមទៀត ផ្អែកលើមូលដ្ឋាននៃសមិទ្ធផល ដែល រាជរដ្ឋាភិបាលអាណត្តិមុន សម្រេចបានដើម្បី ផលប្រយោជន៍ ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជន នៃ ប្រទេសទាំងពីរ៕

To Top