ព័ត៌មានជាតិ

ក្រុមយុវជន មកពីគ្រួសារក្រីក្រ ពន្យល់ពីអត្ថប្រយោជន៍នៃវគ្គបណ្តុះបណ្តាលជំនាញ បច្ចេកទេសវិជ្ជាជីវៈ

ភ្នំពេញ៖ក្រុមយុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យបានលើកឡើងថាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងប្រែក្លាយពួកគេជាបុគ្គលជន្ទល់ក្នុងគ្រួសារ អាចកែប្រែជីវភាពរបស់ពួកគេនាពេលអនាគត តាមរយៈការមានជំនាញមួយច្បាស់លាស់ មានការងារធ្វើ និងប្រាក់ចំណូមសមរម្យ។

យុវតី តិច ស្រីលាភ ដែលជាសិក្ខាកាមមកពីសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញបានលើកឡើងថា៖«ខ្ញុំសង្ឃឹមថាបន្ទាប់ពីសិក្សាជំនាញវិជ្ជាជីវៈនេះហើយ ខ្ញុំនឹងមានជំនាញមួយច្បាស់លាស់ មានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ។ ខ្ញុំគិតថាតាមរយៈនេះខ្ញុំនឹងក្លាយជាជន្ទល់គ្រួសារមួយរូបដែលអាចរកចំណូលផ្គត់ផ្គង់គ្រួសារបាន និងអាចកែប្រែជីវភាពឱ្យល្អជាមុន»។

យុវតីរូបនេះពន្យល់ថា ដោយសារជីវភាពខ្វះខាតខ្លួនមិនអាចបន្តការសិក្សាថ្នាក់វិទ្យាល័យបានទេ។ ដោយចិត្តស្រលាញ់ការសិក្សាខ្លួនក៏បានដាក់ពាក្យរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលដើម្បីធានាថាខ្លួនបានបន្តការសិក្សា ហើយមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។

យុវតីបន្តថា៖«រៀនអត់អស់លុយហើយ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភទៀត ជាពិសេសនោះរៀនត្រឹមតែ៤ខែយើងអាចទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ជីវិតនាពេលអនាគត។ ខ្ញុំគ្រន់តែលឺដំណឹងនេះភ្លាមខ្ញុំក៏ប្រញាប់មកដាក់ពាក្យរៀននៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនេះតែម្តង»។

យុវតីរូបនេះបន្ថែមថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះគឺជាឱកាសល្អមួយសម្រាប់យុវជនមកពីគ្រួសារក្រីក្រដូចរូបខ្លួន ក្នុងការចាប់យកជំនាញច្បាស់លាស់សម្រាប់ជីវិតរបស់ពួកគេ។

ដោយឡែកយុវជន រ៉ា សុភាព ជាសិក្ខាកាមម្នាក់ទៀតមកពីខេត្តកណ្តាលដែលបានចុះឈ្មោះចូលរៀនជំនាញផ្នែកជួសជុលម៉ាស៊ីនត្រជាក់ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបានលើកឡើងថាការសិក្សាជំនាញនេះបានចាប់ផ្តើមរយៈពេលជាងមួយសប្តាហ៍រួចមកហើយ។ ការសិក្សាប្រកបដោយភាពរលូន និងរីករាយទទួលចំណេះពីគ្រូបង្រៀន។
យុវជនរូបនេះថា៖«ជីវភាពខ្ញុំក្រណាស់ ហើយខ្ញុំគ្មានលទ្ធភាពរៀនបន្តទេ។ កម្មវិធីនេះមានសារសំខាន់ណាស់សម្រាប់ខ្ញុំ ពីព្រោះខ្ញុំអាចរៀនជំនាញបានដោយឥតគិតថ្លៃ មានប្រាក់ឧបត្ថម្ភចំនួន៧០ដុល្លារក្នុងមួយខែទៀត ជាពិសេសខ្ញុំអាចមានជំនាញមួយច្បាស់លាស់ អាចរកការងារបានធ្វើ បន្ទាប់ពីការសិក្សារយៈពេល៤ខែ»។

ឈឿង សុគន្ធា ដែលជាយុវតីម្នាក់ទៀតមកពីគ្រួសារក្រីក្រ ក្នុងខេត្តបាត់ដំបងបានលើកឡើងថា បើគ្មានកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទេ នោះខ្លួនមិនអាចបន្តការសិក្សាបានទេ។ រាជរដ្ឋាភិបាលបានផ្តល់ឱកាសដ៏វិសេសមួយមកកាន់យុវជនក្រីក្រដូចជាពួកគេក្នុងការរៀនជំនាញរយៈពេលខ្លី ថែមទាំងមានប្រាក់ឧបត្ថម្ភទៀត។

យុវតីរូបនេះ បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានខិតខំប្រឹងប្រែងក្នុងការដាក់ឱ្យកម្មវិធីបណ្តុះបណ្តាលដោយឥតគិតថ្លៃនេះលេចចេញជារូបរាងឡើង ដែលអាចឱ្យយុវជនក្រីក្ររៀនជំនាញ មានចំណេះជំនាញបំណិន រហូតឈានដល់មានការងារធ្វើ ប្រាក់ចំណូមសមរម្យ ជួយជ្រោមជ្រែងគ្រួសារនាពេលអនាគត។

គូរបញ្ជាក់ផងដែរថាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលបានបើកជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣នោះ បានបោះជំហានមួយដំណាក់កាលទៀតហើយពោលគឺកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកបវេសនកាលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គដំបូងជាផ្លូវការ៕

To Top