ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានជួបពិភាក្សា ការងារ ជាមួយនឹង លោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាបឋមភាគីទាំងពីរ បានស្វាគមន៍គ្នាទៅវិញទៅមក និងបានចែករំលែកព័ត៌មាន ស្តីពីវិបត្តិដែលកំពុងកើតឡើង នៅតំបន់ហ្គាសា។ ឆ្លងតាមរយៈទំនាក់ទនងដ៏ល្អ នៃប្រទេសទាំងពីរ លោករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត បានឯកភាពសិក្សា លើកិច្ចសហប្រតិបត្តិការ ស្តីពីវិស័យការងារ រវាងប្រទេសទាំងពីរ ដើម្បីបំពេញតម្រូវការសកម្មភាព សេដ្ឋកិច្ចទៅវិញទៅមក ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ ជូនភាគីអ៊ីស្រាអែលពីកិច្ចសហប្រតិបត្តិការ លើវិស័យការងារដែលកម្ពុជា បាន និងកំពុងបន្តសហការជាមួយ នឹងសាធារណរដ្ឋកូរ៉េ និងជប៉ុនជាដើម ។

ក្នុងជំនួបប្រកបដោយភាព ស្និទ្ធស្នាលនោះ មុននឹងបញ្ចប់លោករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត បានរំពឹងថា កម្ពុជា និងអ៊ីស្រាអែលនឹងអាចបង្កើត កិច្ចសហការប្រកប ដោយផ្លែផ្កានាពេលខាងមុខ៕


