ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ បានជំរុញឱ្យសមាគមគ្រឹះស្ថាន ឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន តម្រង់ទិសលើកម្មវិធីសិក្សា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។
ការជំរុញនេះ គឺធ្វើឡើងក្នុងជំនួបសម្តែង ការគួរសមរវាងលោក ហេង សួរ និងសមាគមគ្រឹះសស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន ដែលដឹកនាំដោយលោកបណ្ឌិត ណុប នរិន្ទដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់សមាគមពីតួនាទី ជាអាទិភាពរបស់ក្រសួងដែល ជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដើម្បីបង្កើតកម្លាំងពលកម្មជំនាញ ក្នុងទីផ្សារការងារកម្ពុជាដែលកំពុងមាន ភាពទូលំទូលាយទាមទារឱ្យវិស័យឯកជន ជាពិសេសវិទ្យាស្ថានដែលធ្លាប់ បណ្តុះបណ្តាលជំនាញឯកទេសចូលរួម។
ជាការឆ្លើយតបសមាគម បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី ហើយថាបានយល់យ៉ាងច្បាស់ ពីគោលនយោបាយជាអាទិភាព របស់ក្រសួងក្នុងអាណត្តិទី៧នេះ។
មុននឹងបញ្ចប់ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអះអាងថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយបណ្តុះបណ្តាលគ្រូបង្គោល របស់វិស័យឯកជនលើជំនាញចាំបាច់ណាមួយ ដែលសមាគមត្រូវការដើម្បីបំពេញ និងបង្កើនសមត្ថភាពបន្ថែម៕