ភ្នំពេញ ៖ សាលាដំបូងខេត្តតាកែវ បានសម្រេចផ្ដន្ទាទោស ជនជាប់ចោទ២នាក់ ដែលមានឈ្មោះ ជា សៀងហុក និងឈ្មោះ ឈិន សុង ក្នុងករណីបានបង្ហោះហ្វេសប៊ុក និងប្រព្រឹត្តអំពើញុះញង់ ឲ្យមានការរើសអើង លើជនរងគ្រោះឈ្មោះ ជិត ប៉ុណ្ណារ៉ា និងសហគ្រាសអេឡិចទ្រីស៊ីធីអង្គរកា។ នេះបើយោងតាមសាលក្រមលេខ១០៤ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ដែលទើបបញ្ជាក់ចូលជាស្ថាពរកាលពីថ្ងៃទី៨ ខែកមរា ឆ្នាំ២០២៤របស់សាលាខេត្តតាកែវ ។
យោងតាមសាលក្រមមានលោក គុជ តារា ជាចៅក្រមជំនុំជម្រះ បានសម្រេចផ្តន្ទាទោស ជនជាប់ចោទទី១ឈ្មោះ ជា សៀងហុក ដោយពិន័យជាប្រាក់ដាក់ចូលជាថវិការដ្ឋចំនួន ៥លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ យោងតាមមាត្រា ៣០៥នៃក្រមព្រហ្មទណ្ឌ និងជនជាប់ចោទទី២ឈ្មោះ ឈិន សុង ដាក់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួរធម្មតា និងពិន័យជាប្រាក់ដាក់ចូលជាថវិការដ្ឋចំនួន៦លានរៀល ពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តនៅចំណុចភូមិត្រពាំងរបង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ យោងតាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។
ក្រោយបើកការសវនាការជំនុំជម្រះសំណុំរឿងនេះ សាលាដំបូងខេត្តតាកែវ ពិតជាបានរកឃើញពីកំហុសរបស់ជនជាប់ចោទឈ្មោះ ជា សៀងហុក និងឈ្មោះ ឈិន សុង ដោយផ្តន្ទាទោសពួកគេទៅតាមច្បាប់។
ការសម្រេចសេចក្ដីរបស់សាលាដំបូងខេត្តតាកែវ ពិតជាបានផ្ដល់នូវយុត្តិធម៌ និងភាពស្អាតស្អំជូនដល់ឈ្មោះ ជិត ប៉ុណ្ណារ៉ា និងសហគ្រាសអេឡិចទ្រីស៊ីធីអង្គរកា យ៉ាងពិតប្រាកដដែលគួរជាទីសាទររបស់មហាជនទូទៅ៕