ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងអាងទន្លេ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក David BOURMAUD ប្រធានគ្រប់គ្រង អន្តរាគមន៍ឯកទេស ក្នុងកិច្ចសហប្រតិបត្តិការ អន្តរជាតិ នៃទីភ្នាក់ងារទឹកបារាំង Rhin-Meuse ក្នុងគម្រោងការគ្រប់គ្រង ធនធានទឹក ចម្រុះនៃអាងស្ទឹងសែន និងគណៈប្រតិភូការិយាល័យ ទឹកអន្តរជាតិបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកិច្ចសហប្រតិបត្តិការ នាពេលអនាគត ក្នុងការគ្រប់គ្រងអាងទឹកចម្រុះ។
![](https://dap-news.com/wp-content/uploads/2024/01/420755659_696494829329528_6457119537752624856_n-1024x683.jpg)
សូមជម្រាបថា គម្រោងការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែនខេត្តកំពង់ធំ បានចាប់ផ្តើម អនុវត្តនៅឆ្នាំ២០១២ ក្រោមកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរទន្លេសាប និង ភាគីបារាំង និងកិច្ចសហប្រតិបត្តិការវិមជ្ឈការ របស់បារាំង ដែលអនុវត្តដោយអង្គការGESCOD និងគាំទ្រដោយទីភ្នាក់ងារ ទឹកបារាំង Rhin-Meuse, SDEA និង SIEM ដែលមានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាព ទទួលបានទឹកស្អាតនៅតំបន់ជនបទ នៅក្នុងផ្ទៃរងទឹកភ្លៀងអាងស្ទឹងសែន ។ តាមរយៈគម្រោងនេះស្ថានីយផលិតទឹកស្អាតចំនួន៨ ត្រូវបានសាងសង់ និងបានសម្ពោធដាក់ឱ្យដំណើរការ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅក្នុងបរិវេណសហគមន៍គ្រប់គ្រងទឹក ភូមិអូរអណ្តែង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
![](https://dap-news.com/wp-content/uploads/2024/01/421681170_696494769329534_6965691339483135547_n-1024x683.jpg)
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និង អរគុណចំពោះលោក David BOURMAUD និងគណៈប្រតិភូ នៃការិយាល័យទឹក អន្តរជាតិបារាំង ដែលបានឆ្លៀតពេល ដ៏មមាញឹកអញ្ជើញមកទស្សនកិច្ចនៅក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមករបស់ទីភ្នាក់ងារទឹកបារាំង Rhin-Meuse អង្គការ GESCOD, SDEA និង SIEM ក្នុងការចូលរួមអភិវឌ្ឍន៍ វិស័យធនធានទឹកនៅកម្ពុជា។
![](https://dap-news.com/wp-content/uploads/2024/01/421174243_696496295996048_5139422582714375281_n-1024x560.jpg)
លោករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូ ពីតួនាទីដ៏ចម្បងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលមានការងារពីរសំខាន់ គឺការគ្រប់គ្រងទឹក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ មានវិស័យកសិកម្ម ឧស្សាហកម្ម និងការប្រើប្រាស់ទូទៅក្នុងជីវភាពរស់នៅ និងការព្យាករឧតុនិយម ដោយធ្វើការជូនដំណឹងជាមុនពីស្ថានភាពអាកាសធាតុ។
![](https://dap-news.com/wp-content/uploads/2024/01/422410861_696496482662696_4757832278317465240_n-1024x581.jpg)
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានលើកឡើងពីការប្រែប្រួលអាកាសធាតុនៅលើពិភពលោក ដែលកំពុងទទួលការចាប់អារម្មណ៍ និងយកចិត្តទុកយ៉ាងខ្លាំង ពីបណ្តាប្រទេសនានា ក្នុងនោះដែរ ប្រទេសកម្ពុជាកំពុងទទួលរងពីឥទ្ធិពលអ៊ែលនីណូ ដែលបានបណ្តាលឱ្យអាកាសធាតុក្តៅ និងមានកម្រិតទឹកភ្លៀងតិច ។
![](https://dap-news.com/wp-content/uploads/2024/01/422227602_696493815996296_304636235756595207_n-1024x683.jpg)
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែកំណត់យកការអភិវឌ្ឍវិស័យធនធានទឹក ជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពចំនួន ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាពិសេសបម្រើឱ្យការងារបង្កបង្កើនផល និងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាកសិករ។
![](https://dap-news.com/wp-content/uploads/2024/01/421691926_696494922662852_5100194852554423996_n-1024x683.jpg)
តំណាងគណៈប្រតិភូ ទីភ្នាក់ទឹកបារាំង Rhin-Meuse លោក David BOURMAUD បានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រី ដែលបានអនុញ្ញាត ឱ្យគណៈប្រតិភូបារាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការដ៏ល្អ ជាមួយក្រសួងធនធានទឹក និងឧតុនិយម នាពេលកន្លងមក ព្រមទាំងបានបញ្ជាក់ពីជំហរ ក្នុងការបន្តកិច្ចសហប្រតិបត្តិការនៅឆ្នាំ២០២៤-២០២៥។
![](https://dap-news.com/wp-content/uploads/2024/01/421674549_696494582662886_7567395185664726442_n-1024x683.jpg)
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារបានបញ្ចប់ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត ភាគីទាំងពីរបង្ហាញនូវសុច្ឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែមានសន្ទុះឈានឡើង ៕
![](https://dap-news.com/wp-content/uploads/2024/01/421712536_696494332662911_3959458430745562404_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/01/422372461_696494679329543_1397289614960461766_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/01/421701355_696494442662900_8358561482467004016_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)