ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំ អន្តរក្រសួង ក្នុងគោលបំណងពិភាក្សា និងដាក់ចេញវិធានការ និង យុទ្ធនាការរួមគ្នា ដើម្បីទប់ស្កាត់អគ្គិភ័យ នៅតាមរោងចក្រសហគ្រាស និងគ្រឹះស្ថានក្នុងវិស័យ កម្មមន្តសាល និងវិស័យឧស្សាហកម្មទេសចរណ៍ ។

ក្នុងកិច្ចប្រជុំដែលធ្វើឡើង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ក្រៅពីថ្នាក់ដឹកនាំក្រសួងការងារ និងសហការី ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ផងដែរ។

លោករដ្ឋមន្ត្រី បានលើកឡើងពីភាពចាំបាច់ នៃកិច្ចសហការអន្តរស្ថាប័ន របស់ក្រសួងពាក់ព័ន្ធទាំងអស់ ដើម្បីគិតគូរបន្ថែមទៀតក្នុងការផ្តល់សុវត្ថិភាព និងការបង្ការគ្រោះអគ្គិភ័យដល់រោងចក្រសហគ្រាសនិងគ្រឹះស្ថានអាជីវកម្មទាំងអស់ដែលជាទី តាំងប្រតិបត្តិការអាជីវកម្មបែបប្រមូលផ្តុំ។

បន្ទាប់ពីបានពិភាក្សា និងលើកជាយោបល់ ពីតំណាងក្រសួងពាក់ព័ន្ធនីមួយៗយ៉ាងផុលផុស កិច្ចប្រជុំ បានឯកភាពឱ្យបង្កើត ជាសេចក្តីណែនាំរួមស្តី ពីវិធានការអប់រំ បង្ការ និងទប់ស្កាត់ ឱ្យបានជាអតិបរមានូវគ្រោះអគ្គិភ័យ នៅតាមរោងចក្រសហគ្រាស គ្រឹះស្ថានក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍ ដែលនេះគឺជាការគិតគូរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕





