ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាស​ស្វាគមន៍នាវា Westerdam មកកាន់កម្ពុជា ជាថ្មីម្តងទៀត ដោយនាំអ្នកទេសចរជិត ២ពាន់នាក់

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសស្វាគមន៍នាវាទេសចរណ៍ Westerdam មកកាន់កម្ពុជាជាថ្មីម្តងទៀត ដោយនាំអ្នកទេសចរមក ចំនួន ១៨៧៣នាក់។

តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី២៥ មករា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «សូមស្វាគមន៍ នាវាទេសចរណ៍Westerdam មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តងទៀតដោយនាំអ្នកទេសចរមកចំនួន ១៨៧៣នាក់ ។ អរគុណដល់នាវាទេសចរណ៍ Westerdam ដែលតែងចងចាំ និងនឹករឭកកម្ពុជា ព្រមទាំងពាំនាំអ្នកទេសចរ មកកម្សាន្ត និងស្វែងយល់អំពីគោលដៅទេសចរណ៍នៅកម្ពុជា ដែលកំពុងសុខសាន្តក្នុងសុខសន្តិភាព»។

សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ ជាមួយភ្ញៀវទេសចរ ជាង២ពាន់នាក់។ នាពេលនោះ គេសង្កេតឃើញ ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីទទួលអ្នកទេសចរ និងការរំលឹកខួប៣ឆ្នាំ នៃការសុំចតរបស់នាវានេះ ។

អ្វីដែលពិសេសធ្វើឲ្យនាវាទេសចរណ៍ Westerdam ចងចាំកម្ពុជាជាប្រទេសតូចតែបេះដូងធំ ដោយមិនអាចបំភ្លេចបែបនោះគឺ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០ ប្រទេសកម្ពុជា បានសម្រេច ឱ្យ​នាវា​មួយនេះចូលចត ក្រោយពីប្រទេស និងកោះចំនួន ៥ បានបដិសេធលើការស្នើសុំចត ដោយសារខ្លាច ឆ្លងជំងឺកូវីដ-១៩ដែលកំពុងមានការ រាតត្បាតខ្លាំងនាពេលនោះ ៕

To Top