ព័ត៌មានជាតិ

ក្រុមហ៊ុនកូរ៉េ បង្ហាញទិសដៅ វិនិយោគបង្កើតរោងចក្រ ផលិតគ្រឿង បង្គុំរថយន្តអគ្គិសនី នៅកម្ពុជាសម្រាប់នាំចេញ ទៅទីផ្សារពិភពលោក

ភ្នំពេញ ៖ ក្រុមហ៊ុន CAMKO INFRACORE របស់កូរ៉េ បានបង្ហាញទិសដៅ ក្នុងការដាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតគ្រឿង បង្គុំរថយន្តអគ្គសនី នៅប្រទេសកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោក។

ថ្មីៗនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួប ពិភាក្សាការងារជាមួយ លោក Chung Sye-kyun អតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកូរ៉េ ក្នុងដំណើរបំពេញ ទស្សនកិច្ចរបស់លោក នៅប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំពិភាក្សានេះ ក៏មានការចូលរួមពីគណៈប្រតិភូក្រុមហ៊ុន CAMKO MOTOR COMPANT LTD. និងក្រុមហ៊ុន CAMKO INFRACORE CO., LTD. ផងដែរ។

ជំនួបនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរកម្ពុជា-កូរ៉េ នាពេលកន្លងមក ពិសេសលើសកម្មភាពវិនិយោគ និងការជំរុញឱ្យមានវិនិយោគិន ពីក្រុមហ៊ុននានារបស់សាធារណរដ្ឋកូរ៉េ ចូលមកបណ្ដាក់ទុននៅកម្ពុជា បន្ថែមទៀត។

ក្នុងឱកាសនេះ លោក Chung Sye-kyun បានបង្ហាញទស្សនៈវិជ្ជមានអំពីកំណើន សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍឥតឈប់ឈរ រួមជាមួយរោងចក្រ វិនិយោគថ្មីៗជាច្រើន ហើយកម្ពុជាអាចរក្សា បាននូវបរិយាសកាសគុណ ភាពខ្យល់ល្អ ដែលនេះក៏ស្របតាមទិសដៅរបស់ក្រុមហ៊ុន CAMKO MOTOR និងក្រុមហ៊ុន CAMKO INFRACORE ក្នុងការពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជា ដោយអនុវត្តលើការ ការពារបរិស្ថានផងដែរ។

ចំពោះក្រុមហ៊ុន CAMKO MOTOR បច្ចុប្បន្នកំពុងមានប្រតិបត្តិការ អាជីវកម្មនៅកម្ពុជា លើការតម្លើងរថយន្តម៉ាក Hyundai និងផលិតខ្សែភ្លើងអគ្គិសនីសម្រាប់រថយន្ត ដើម្បីនាំចេញ។ ជាមួយគ្នានេះដែរ ចំពោះក្រុមហ៊ុន CAMKO INFRACORE តាមរយៈកិច្ចប្រជុំនេះ បានបង្ហាញ ទិសដៅ ក្នុងការដាក់ទុនវិនិយោគបង្កើត រោងចក្រផលិតគ្រឿងបង្គុំ រថយន្តអគ្គសនី នៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោក។

ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅជូន ចំពោះ លោក Chung Sye-kyun ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា បន្ថែមពីនេះតបលើការលើកឡើងអំពីគុណភាពខ្យល់ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបផងដែរអំពីទិស ដៅរបស់កម្ពុជាក្នុងការជំរុញ ការប្រើប្រាស់ថាមពលកកើតឡើងវិញ ឱ្យបាន៧០% នៃថាមពលប្រើប្រាស់សរុប សម្រាប់ឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យ លោក Chung Sye-kyun ជួយសម្របសម្រួល និងពិនិត្យលទ្ធភាពក្នុងការផ្សព្វផ្សាយ អំពីសក្ដានុពលរបស់ប្រទេសកម្ពុជា បន្ថែមទៀតជូនដល់វិនិយោគិនកូរ៉េ ក្នុងគោលដៅដើម្បីពង្រីកសកម្មភាព វិនិយោគរវាងភាគីទាំងពីរ ៕

To Top