ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ កំពុងចិញ្ចឹមត្រី មានប្រភពមកពីក្រៅប្រទេស ត្រូវថែរក្សាឲ្យបានខ្ជាប់ខ្ជួន ចៀសវាងលែង ឬធ្វេសប្រហែល ឲ្យរួចចូលក្នុងដែនទឹកធម្មជាតិ ព្រោះត្រីមួយចំនួន ជាប្រភេទកាច ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលជលផល នាថ្ងៃទី២៥ មករា បានឲ្យដឹងថា មានប្រជាពលរដ្ឋខ្លះ ពិសេសអ្នកនេសាទបានចូលរួមលែងប្រភេទត្រីកម្រ ត្រីមេពូជ និងវារីសត្វផ្សេងទៀត ជាអាទិ៍ ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ អណ្តើកហ្លួង អណ្ដើកសមុទ្រ ផ្សោតសមុទ្រ ដែលជាសកម្មភាពដ៏ប្រពៃក្នុងការចូលរួមថែរក្សាការពារនូវធនធានជលផល ដោយទទួលបានសាទរយ៉ាងខ្លាំងពីមហាជន។
ដោយឡែក នាពេលថ្មីៗនេះ មានអ្នកខ្លះបានលែងត្រី ដែលមានប្រភពពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិ សកម្មភាពនេះអាចនឹងបង្កហានិភ័យ ដល់មច្ឆជាតិក្នុងស្រុក ។ វារីសត្វ ឬប្រភេទត្រីដែលមានប្រភព ពីក្រៅប្រទេសមួយចំនួន ជាប្រភេទកាច ស៊ីសាច់ជាអាហារ ឬសាយកូនលឿន ប្រសិនបើប្រភេទត្រី ឬវារីសត្វទាំងនោះ មានវត្តមានកាន់តែច្រើន នៅក្នុងដែនទឹកធម្មជាតិ វានឹងស៊ីត្រីក្នុងធម្មជាតិ ដណ្តើមទីជម្រក និងអាចនាំឲ្យប៉ះពាល់ ដល់ពូជក្នុងស្រុក។
បញ្ហានេះ រដ្ឋបាលជលផលគូសបញ្ជាក់ថា «សូមអំពាវនាវដល់បងប្អូន ដែលកំពុងចិញ្ចឹមប្រភេទត្រី ឬវារីសត្វមានប្រភព ពីក្រៅប្រទេស សូមថែរក្សាឲ្យបានខ្ជាប់ខ្ជួន ចៀសវាងលែង ឬធ្វេសប្រហែសឲ្យរួច ចូលក្នុងដែនទឹកធម្មជាតិ។ ករណីបងប្អូនមានបំណងលែង ត្រីឬវារីសត្វមានប្រភពពីក្រៅប្រទេស សូមទំនាក់ទំនងមកមន្ត្រីជំនាញជលផល»។
រដ្ឋបាលជលផល បានលើកទឹកចិត្តប្រជាពលរដ្ឋ ពិសេសអ្នកនេសាទបន្តផ្តល់ ព័ត៌មានដល់សមត្ថកិច្ចជលផល និងលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ និងវារីសត្វផ្សេងទៀត ដែលនេសាទបាន ឲ្យបានផុសផុលថែមទៀត ដែលនេះជាសកម្មភាព ដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផលគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ ៕