ព័ត៌មានជាតិ

យុវជនមកពីគ្រួសារក្រីក្រថា វគ្គជំនាញបច្ចេកទេស របស់រដ្ឋាភិបាល មានភាពទាក់ទាញ ក្នុងការរៀនសូត្រ

ភ្នំពេញ៖ ក្រុមយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បានលើកឡើងថា វិធីសាស្រ្តក្នុងការបង្រៀន នៅក្នុងថ្នាក់ នៃកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលគឺមានភាពទំនើប និងទាក់ទាញចំណាប់អារម្មណ៍យុវជនឱ្យខិតខំរៀនសូត្រដោយ សិក្ខាកាមអាចទទួលបានទាំងទ្រឹស្តី និងជំនាញពិតបន្ទាប់ពីការ សិក្សារយៈពេល៤ខែនៃកម្មវិធីនេះ។

ឈឿង សុគន្ធា ជាយុវតី មកខេត្តបាត់ដំបង ដែលបានចុះឈ្មោះរៀនជំនាញ ក្រាហ្វិកឌីសាញ ដោយកុំព្យូទ័រ នៅវិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្មបានលើកឡើងថា ៖ «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសនេះគឺល្អណាស់ គ្រូបង្រៀនពន្យល់ទ្រឹស្តី បូករួមទាំងការអនុវត្តន៍ផ្ទាល់ ជាក់ស្តែងថែមទៀត ។ ដូចខ្ញុំចឹង ខ្ញុំរៀនក្រាហ្វិកឌីសាញដោយកុំព្យូទ័រ ខ្ញុំទទួលបានការអនុវត្តន៍ផ្ទាល់សឹងរាល់ថ្ងៃ»។

យុវតីរូបនេះបន្តថា ការរៀនជំនាញវិជ្ជាជីវៈរបស់ខ្លួន ក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះ មានភាពល្អប្រសើរច្រើនទាំងមូលដ្ឋានគ្រឹះ ក្នុងការប្រើប្រាស់កុំព្យូទ័រ មូលដ្ឋានគ្រឹះ នៃការប្រើប្រាស់កម្មវិធីឌីសាញ (Photoshop) និងកម្មវិធីក្រាហ្វិកផ្សេងៗទៀត ហើយរូបគេសង្ឃឹមថា នឹងយល់បន្ថែមលើកម្មវិធី កុំព្យូទ័រ ជាច្រើនផ្សេងទៀត។

យុវជន រ៉ា សុភាព ដែលជាសិក្ខាកាមម្នាក់ទៀត ដែលបានចុះឈ្មោះចូលរៀនជំនាញបរិក្ខា ត្រជាក់នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម មកពីខេត្តកណ្តាលថា ៖ «ខ្ញុំរៀនជំនាញបរិក្ខាត្រជាក់ ហើយការបណ្តុះបណ្តាល ក្នុងរយៈពេលជាង មួយសប្តាហ៍មកនេះ ខ្ញុំបានទៅអនុវត្តន៍ផ្ទាល់ លើការជួសជុលម៉ាស៊ីនត្រជាក់រួចហើយ បន្ទាប់ពីមានការពន្យល់ទ្រឹស្តីដ៏ល្អក្នុងថ្នាក់»។

យុវជនរូបនេះបន្ថែមជំនាញ ផ្នែកជួសជុលម៉ាស៊ីនត្រជាក់ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម គឺរៀនដូចពេលចេញធ្វើការដូច្នេះដែរ ពីព្រោះគ្រូបង្រៀនបង្ហាត់បង្ហាញ ដោយមានឧបករណ៍មកពន្យល់ជាក់ស្តែង ហើយសិស្សអាចស្វែងយល់ ដោយផ្ទាល់បានយ៉ាងល្អនៅក្នុងថ្នាក់។

យុវតី តិច ស្រីលាភ ដែលជាសិក្ខាកាមនៅរាជធានី ភ្នំពេញបានចុះឈ្មោះរៀនជំនាញក្រាហ្វិកឌីសាញដោយកុំព្យូទ័រនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម មានក្តីរំពឹងថាតាមរយៈការបង្រៀន ដោយយកចិត្តទុកដាក់ បូករួមទាំងការអនុវត្តន៍ផ្ទាល់នៅក្នុង សាលានេះ រូបគេសង្ឃឹមថានឹងទទួលបានជំនាញ មួយប្រកបដោយគុណភាព អាចរកការងារធ្វើបាន បន្ទាប់ពីបញ្ចប់ការសិក្សារយៈពេល៤ខែខាងមុខ ។
យុវតីរូបនេះបង្ហាញចំណាប់អារម្មណ៍ថា ការបង្រៀនប្រកបដោយភាពទាក់ទាញនេះ នឹងធ្វើឱ្យសិក្ខាកាមមានចិត្តចង់សិក្សា និងខិតខំរៀនសូត្រដើម្បីស្រូប យកចំណេះជំនាញពីគ្រូបង្រៀនធ្វើយ៉ាងណាអាចរៀន ចប់ប្រកបដោយសមត្ថភាព និងអាចរកការងារធ្វើបានល្អប្រសើរ នាពេលខាងមុខ។

គូរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានបើកជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ នោះ បានបោះជំហ៊ានមួយដំណាក់ កាលទៀតហើយពោលគឺ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកបវេសនកាល ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈវគ្គដំបូងជាផ្លូវការ ៕

To Top