ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា ស្នើដល់អ្នកសារព័ត៌មាន គោរពក្រមសីលធម៍វិជ្ជាជីវៈ ដើម្បីគុណតម្លៃ ក្នុងការផ្តល់ព័ត៌មានពិត ជូនសាធារណជន

រូបភាពទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការលើកទឹកចិត្ត ឲ្យមានការរៀបចំ វគ្គបណ្តុះបណ្តាលសមត្ថភាព របស់អ្នកសារព័ត៌មាន ដើម្បីត្រៀមខ្លួន សម្រាប់ការវិវឌ្ឍនៃប្រពន្ធ័ផ្សព្វផ្សាយ នាពេលបច្ចុប្បន្ន ខណៈគុណភាពព័ត៌មាន គឺជាចំណុចសំខាន់ ក្នុងការប្រកួតប្រជែង ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ហៅកាត់ AKP ។ 

លោករដ្ឋមន្ត្រី បានគូសរំលេចថា អ្នកសារព័ត៌មានទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ តាមរយៈការទទួលបានវគ្គបណ្តុះបណ្តាលបន្តបន្ទាប់ ហើយក្រសួងព័ត៌មាន គាំទ្រចំពោះការបណ្តុះបណ្តាល ទន្ទឹមជាមួយក្រសួង បានបើកវគ្គបណ្តុះបណ្តាល បំពេញបន្ថែម ។

ការគាំទ្រ និងការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាស លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាព អ្នកសារព័ត៌មាន វគ្គទី៥ ចំនួន ២១០នាក់ រៀបចំឡើងដោយ សមាគមសម្ព័ន្ធ អ្នកសារព័ត៌មានសកលសន្តិភាព សហការជាមួយ ក្រសួងព័ត៌មាន និងសហភាពសហពន្ធ័ អ្នកសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ។

លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌនៃក្រសួងព័ត៌មាន បាននឹងកំពុងធ្វើកិច្ចការងារ លើសន្តិសុខព័ត៌មាន ដែលសំដៅធានាបាន នូវសិទ្ធិទទួលព័ត៌មាន របស់ប្រជាពលរដ្ឋគ្រប់ជ្រុងជ្រោយ ពីរឿងរ៉ាវកើតមានឡើង ។ ជាមួយនេះ គុណភាពព័ត៌មាន ដែលប្រជាពលរដ្ឋ បានទទួលគឺជាព័ត៌មាន ដែលមានគុណភាព កើតចេញពីការពង្រឹងសមត្ថភាព របស់អ្នកសារព័ត៌មាន ក្នុងការសរសេរអត្ថបទព័ត៌មានផ្សេងៗ ។ 

លោកបន្តថា ចំពោះសុវត្ថិភាព ក្នុងការប្រើប្រាស់ព័ត៌មាន នៅក្នុងបរិបទឌីជីថលនេះ ព័ត៌មានពិត និងព័ត៌មានក្លែងក្លាយបាននៅលាយឡំគ្នា ដូច្នេះការផ្តល់ព័ត៌មានពិតត្រឹមត្រូវ ដែលមានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ គឺជាចំណុចសំខាន់ ដែលក្រសួងព័ត៌មាន បានគិតគួរ ហើយបានសហការជាមួយសមាគមសារព័ត៌មាន ដើម្បីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព របស់អ្នកសារព័ត៌មាន បានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ។ 

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកឡើងដែរថា “សារព័ត៌មានដើរតួនាទីសំខាន់ នៅក្នុងការផ្សព្វផ្សាយការពិត ជូនដល់ប្រជាជន និងពិភពលោក ហើយអ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ ក្នុងកិច្ចការងារនេះ ដើម្បីអោយសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មាន ត្រូវអនុវត្តន៍នូវគោលការណ៍ ៣ ជាសំខាន់ គោរពក្រមសីលធម៍ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង” ។ 

លោក រដ្ឋមន្ត្រី បានធ្វើការពន្យល់ដែរថា អ្នកសារព័ត៌មាន មិនមែនជាមន្រ្តីនគរបាលយុត្តិធម៍ មិនអាចទៅចាប់គេបាននោះទេ ហើយអ្នកសារព័ត៌មាន មិនមែនជាតុលាការ ដែលត្រូវកាត់ក្តីគេអោយខុស ឬត្រូវនោះទេ, អ្នកសារព័ត៌មាន មិនមែនមាន អធិបញ្ជា អាចបញ្ជាអ្នកនេះ អ្នកនោះបានទេ ។ អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីកន្លែងមួយ ទៅកន្លែងមួយ ប្រកបដោយប្រភពច្បាស់លាស់ បើសិនជាអ្នកសារព័ត៌មាន គ្មានប្រភពទេ គឺពិបាកសរសេរណាស់ មិនអាចសរសេរ គ្រាន់តែឮគេថាបាននោះទេ ។

លោករដ្ឋមន្រ្តី បានលើកទឹកចិត្ត ដល់អ្នកសារព័ត៌មាន មកធ្វើការចុះបញ្ជីឲ្យបានត្រឹមត្រូវ ហើយការចេញបណ្ណសារព័ត៌មាន នឹងមានភ្ជាប់ QR Code ដើម្បីប្រតិបត្តិការការងារជាអ្នកសារព័ត៌មាន ស្របតាមផ្លូវច្បាប់ ហើយក្រសួងព័ត៌មាន ផ្តល់នូវមេធាវី ជួយការពារដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈ បានត្រឹមត្រូវតាមផ្លូវច្បាប់ និងស្របតាមក្រមសីលធម៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន៕

To Top