ព័ត៌មានជាតិ

លោក ឃួង ស្រេង គ្រោងស្នើសុំប្រសិទ្ធិនាម ស្ពានអាកាសថ្មី នៅចំណុចក្បាលថ្នល់ ជាស្ពាន “មរតកតេជោ”

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង គ្រោងស្នើទៅរាជរដ្ឋាភិបាល ដើម្បីដាក់ឈ្មោះស្ពានអាកាសថ្មីទី៦ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ថាជាស្ពានអាកាស “មរតកតេជោ” ។

ការបញ្ជាក់របស់លោក ឃួង ស្រេង អំពីការប្រើឈ្មោះថ្មីនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញភ្ជាប់ស្ពានអាកាសថ្មីទី៦ ចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស ដំណាក់កាលទី១ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។

លោក ឃួង ស្រេង បានលើកឡើងថា “នេះជាស្ពានទី៦ ហើយយើងគ្រោងដាក់ឈ្មោះថា ស្ពានអាកាសមរតកតេជោ ។ នេះគ្រាន់តែជាគម្រោង ប៉ុន្តែខ្ញុំនឹងធ្វើលិខិត ស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ដើម្បីសុំការអនុញ្ញាត ប្រសិទ្ធិនាមស្ពាននេះថា ស្ពានមរតកតេជោ” ។

អភិបាលរាជធានីភ្នំពេញឲ្យដឹងទៀតថា “នេះជាដំណាក់កាលទី១ នៃការសាងសងស្ពាននេះ ហើយនៅសល់៧៤ថ្ងៃទៀត នឹងស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល សុំធ្វើការប្រើប្រាស់ជាបណ្តោះអាសន្ន ។ យើងនឹងចាប់ផ្តើមសាងសង់ស្ពានជាន់ទី១ និងក្រោមដីមួយទៀត ដើម្បីធ្វើយ៉ាងណា ដោះស្រាយលំហូរចរាចរ ជាពិសេសកាត់បន្ថយការកកស្ទះចរាចរ” ។

លោកបញ្ជាក់ថា ស្ពានអាកាសថ្មីនេះ ត្រូវបានសាងសង់ ដោយកូនខ្មែរសុទ្ធសាធ ។លោកថា “ឲ្យតែនិយាយពី OCIC យើងតែងតែនិយាយថា ការសាងសង់នេះ ដោយវិស្វករមកពីសាធារណៈរដ្ឋប្រជាមានិតចិន ប៉ុន្តែមិនមែនទេ វិស្វករអស់ទាំងនេះ សុទ្ធតែរៀននៅសាលាតិចណូដែលជាមនុស្សដែលសម្តេចតេជោ បានបណ្តុះបណ្តា ធនធានមនុស្ស សម្តេចតេជោបណ្តុះបណ្តាល ហើយសាងសង់ស្ពាននេះជាប្រយោជន៍ដល់ជាតិរបស់យើង គឺចេញពីវិស្វករកូនខ្មែរយើងសុទ្ធសាធ” ។

សូមបញ្ជាក់ថា ស្ពានអាកាសថ្មីនេះ ត្រូវបានសាងសង់ឡើង ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលបច្ចុប្បន្នសាងសង់បានសម្រេចប្រមាណ ៨០% ហើយតាមផែនការគ្រោង នឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខ។ ចំណែកដំណាក់កាលទី២ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំ ប្រពៃណីជាតិ ឆ្នាំ២០២៤៕

To Top