ព័ត៌មានជាតិ

ធនាគារពិភពលោក បន្តពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ ជីវភាពរស់នៅពលរដ្ឋ

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លោកស្រី ម៉ារីយ៉ាម ចេ សឺរមែន (Mariam J. Sherman) នាយិកាគ្រប់គ្រង នៃធនាគារពិភពលោក ប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ បានបន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ។

ក្នុងជំនួបនោះ លោកស្រីនាយិកាគ្រប់គ្រង បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានមាំមួន និងយូរអង្វែង ហើយលោកស្រី នាយិកាមានជំនឿជាក់ថា ជំនួបជាមួយសម្ដេចធិបតី នេះនឹងបន្ដជំរុញកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីនាយិកា ក៏បានប្រាប់សម្ដេចធិបតីអំពីភាពប្រទាក់ក្រឡា និងស្របគ្នានៃឯកសារគោលនយោបាយអភិវឌ្ឍន៍ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងទិសដៅគោលនយោបាយ និងការងារសំខាន់ៗ របស់ធនាគារពិភពលោក ក្នុងកម្រិតសកល និងក្នុងកម្រិតកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានអរគុណធនាគារពិភពលោក ចំពោះការចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។ សម្ដេចធិបតី បានកោតសរសើរ និងអរគុណចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការបន្តកម្មវិធីភាពជាដៃគូរវាងរាជរដ្ឋាភិបាលជាមួយធនាគារពិភពលោកសម្រាប់ ឆ្នាំ២០២៥-២០២៩។

សម្តេចធិបតី ក៏បានជម្រាបជូនលោកស្រី នាយិកាគ្រប់គ្រង ពីការដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ សម្រាប់ចាប់ផ្តើម អនុវត្តភ្លាមក្នុងឆ្នាំ២០២៣ និងវិធានការចំនួន៥ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការកសាង ភាពធន់ ការធានាកំណើន ចីរភាព ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅ ជាប្រទេសមានចំណូលខ្ពស់។

សម្តេចធិបតី និងលោកស្រីនាយិកាគ្រប់គ្រង ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា និង នៅក្នុងវិស័យអាទិភាពមួយចំនួន រួមមាន៖ វិស័យអប់រំ វិស័យសុខាភិបាល វិស័យកសិកម្ម វិស័យឌីជីថល វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ៕

To Top