ភ្នំពេញ៖ ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. របស់ប្រទេសចិន បានបង្ហាញពីបំណងពង្រីក ការវិនិយោគលើការផលិតថាមពលអគ្គិសនី ពីសំណល់ នៅក្នុងរាជធានីភ្នំពេញ។
នេះជាការបង្ហាញអារម្មណ៍របស់ លោក សាន ជានមីង (Shan Jianming) ប្រធានក្រុមហ៊ុន Mizuda Group នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។
ប្រធានក្រុមហ៊ុន Mizuda Group បានលើកឡើងថា ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mizuda Group ផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលប្រមាណ៣ឆ្នាំ ដែលក្រុមហ៊ុនទទួលបាន ការទទួលស្គាល់ពីអាជ្ញាធរ និងសាធារណជនទូទៅ។ ក្នុងពេលជាមួយគ្នា ក្រុមហ៊ុនក៏បានផ្តល់សេវាផ្សព្វផ្សាយកម្មវិធី ការយល់ដឹងស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹង ក្នុងភូមិសាស្រ្តមួយចំនួននៅរាជធានីភ្នំពេញ និងបានបង្កើតការងារដល់ ប្រជាជនកម្ពុជាចំនួន ៧១០កន្លែង។
ដោយលោកប្រធានក្រុមហ៊ុនបានលើក ពីគោលបំណងរបស់ក្រុមហ៊ុន Mizuda Group ក្នុងការពង្រីកការវិនិយោគរបស់ខ្លួន នៅក្នុងការផលិតថាមពលអគ្គិសនីពីសំណល់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ បច្ចេកទេសទំនើប និងការការពារបរិស្ថានកម្រិតខ្ពស់ នៅក្នុងរាជធានីភ្នំពេញផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះដំណើរការ អាជីវកម្មរបស់ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលបាននិងកំពុងសហការយ៉ាងល្អ ជាមួយសាលារាជធានីភ្នំពេញ ក្នុងការផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹង ដែលជាការចូលរួមចំណែក នៅក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមចំណែក នៅក្នុងការថែរក្សាបរិស្ថាន ក្នុងភូមិសាស្រ្តនៃរាជធានីភ្នំពេញ ផងដែរ។ ចំពោះគោលបំណងក្នុងការ ពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ក្នុងការផលិតថាមពលអគ្គិសនីពីសំណល់ សម្តេចធិបតី ក៏បានណែនាំក្រុមហ៊ុនពិភាក្សាបន្ថែម ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ៕