ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Tom Panella ប្រធានក្រុមមូលធនធម្មជាតិ និងអាកាសធាតុ នៃការិយាល័យកសិកម្ម ចំណីអាហារ ធម្មជាតិ និងការអភិវឌ្ឍជនបទ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
![](https://dap-news.com/wp-content/uploads/2024/01/423132449_698877855757892_8297815912482317078_n-1024x683.jpg)
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានសម្តែង នូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូធនាគារ អភិវឌ្ឍន៍អាស៊ី ដែលបានឆ្លៀត ពេលដ៏មានតម្លៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារវិស័យធនធានទឹក និងឧតុនិយម និងបានថ្លែងអំណរគុណ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលបានចូលរួមចំណែកយ៉ាងធំធេង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការអភិវឌ្ឍ សង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើទំនើប កម្មវិស្វកម្មវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងបរិបទ នៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
![](https://dap-news.com/wp-content/uploads/2024/01/424640474_698877215757956_3139214773269846811_n-1024x683.jpg)
លោករដ្ឋមន្ត្រីបានជម្រាប ជូនប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីអំពីបេសកកម្មរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ នៅតែបន្តកសាងហេដ្ឋារចនា សម្ព័ន្ធធារាសាស្ត្រ អភិវឌ្ឍន៍ វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាន នូវសុវត្ថិភាពទឹកឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ ។ លោករដ្ឋមន្ត្រីបានលើកឡើងថា ពិភពលោកទាំងមូលបាននិងកំពុងប្រឈមចំពោះការប្រែប្រួលអាកាសធាតុ ដែលបង្កជាការឡើងកម្តៅនៃភពផែនដី ជាមួយគ្នានេះប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ និងជាប្រទេសងាយរងគ្រោះពីហានិភ័យនៃគ្រោះធម្មជាតិ ជាពិសេសទឹកជំនន់នារដូវវស្សា គ្រោះរាំងស្ងួតនៅរដូវប្រាំង ខ្យល់ព្យុះនិងខ្យល់កន្រ្តាក់ជាដើម។
![](https://dap-news.com/wp-content/uploads/2024/01/424577207_698878142424530_7815415484021827822_n-1024x683.jpg)
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការពង្រឹង លើប្រព័ន្ធព្យាករណ៍ ប្រព័ន្ធប្រកាសអាសន្ន និងការជូនដំណឹងជាមុន ដល់ប្រជាពលរដ្ឋងាយរងគ្រោះ ឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នជាកិច្ចការចាំបាច់ ដើម្បីឈានទៅកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិនានា និងកាត់បន្ថយបានការខាតបង់ផ្នែកសេដ្ឋកិច្ច។ ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី ពិចារណាក្នុងការពង្រីកទុនវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា។
![](https://dap-news.com/wp-content/uploads/2024/01/424576174_698877125757965_7180326864145451652_n-1024x683.jpg)
ក្នុងកិច្ចជំនួប តំណាងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីលោក Tom Panella បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យលោក និងសហការី បានជួបសម្តែង ការគួរសម និងពិភាក្សាការងារ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ នាពេលកន្លងមក និងបានបញ្ជាក់ ជំហរមុតមាំថា នឹងពិចារណាលើការផ្តល់ហិរញ្ញប្បទានលើការដំឡើងស្ថានីយ Doppler Radar តេជោសែនទី២ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងករណីដែលហិរញ្ញប្បទានពីសហគមន៍អឺរ៉ុបមានការយឺតយ៉ាវ។
![](https://dap-news.com/wp-content/uploads/2024/01/424569907_698878089091202_4584546766603495415_n-1024x683.jpg)
គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមកំពុងដំណើរការគម្រោងចំនួន២ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្ម លើហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ ទី១)គម្រោងកែលម្អ វិស័យធារាសាស្ត្រកសិកម្ម (TAIP) និងទី២)គម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ប្រកបដោយភាតរបរិស្ថាន(CFAVC) ។ ដោយឡែកគម្រោង ដែលកំពុងសិក្សា មានចំនួនពីរគឺ ទី១)គម្រោងគ្រប់គ្រងវិស័យធនធានទឹក ដោយវិធានការចម្រុះ(IWRM) និងទី២)គម្រោងធារាសាស្រ្តធន់អាកាសធាតុ និងកសិកម្ម ដែលមានភាពធន់ និងមាននិរន្តរភាព (CAISAR)៕
![](https://dap-news.com/wp-content/uploads/2024/01/423134128_698878232424521_1001784855056872409_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/01/424571317_698877942424550_728776758624048247_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/01/424575028_698880385757639_4285545852408592533_n-1024x819.jpg)
![](https://dap-news.com/wp-content/uploads/2024/01/423325738_698878015757876_4777414360682624527_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)