ព័ត៌មានជាតិ

មូលនិធិ GX Foundation ពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រ ដល់វិស័យសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លោក Leung Chun-Ying ប្រធានមូលនិធិ GX Foundation និង ជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទប្រឹក្សាយោបល់ នយោបាយប្រជាជនចិន បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រ ដល់វិស័យសុខាភិបាលកម្ពុជា ដោយផ្ដោតលើការព្យាបាលជំងឺភ្នែកឡើងបាយ និងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម

នាឱកាសនៃជំនួប លោកប្រធានមូលនិធិ GX Foundation បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងមូលនិធិGX Foundation ជាមួយនឹងក្រសួង សុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក ដោយបានបញ្ជាក់ថា មូលនិធិបានចុះនូវអនុស្សរណៈយោគយល់គ្នា ជាមួយនឹងក្រសួង សុខាភិបាល ដើម្បីសហការលើការថែទាំ និងការព្យាបាលជំងឺភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្ដាខេត្តមួយចំនួន នាពេលកន្លងមក ។

បន្ថែមពីនេះ លោកប្រធាន មូលនិធិ ក៏បានប្រាប់សម្តេចអំពីការបន្តកិច្ចសហប្រតិបត្តិការ និងគម្រោងពង្រីកកម្មវិធីចំនួនពីរ ដោយសហការជាមួយនឹង ក្រសួងសុខាភិបាល៖ ទី១). ការពង្រីកនូវការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយទៅតាមបណ្ដាខេត្តគោលដៅថ្មីៗ បន្ថែមទៀត និងទី២). ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម។

ជាមួយគ្នានេះ​សម្ដេចធិបតី វាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់មូលនិធិ GX Foundation ក្នុងការគាំទ្រដល់វិស័យសុខាភិបាលកម្ពុជាបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្តាខេត្តគោលដៅមួយចំនួន និងបានស្វាគមន៍ ចំពោះគម្រោងនៃការពង្រីកកម្មវិធីរបស់មូលនិធិ ក្នុងការគាំទ្រដល់វិស័យសុខាភិបាលកម្ពុជាបន្ថែមទៀត ដូចជាកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ។

សម្ដេចធិបតី ក៏បានលើកទឹកចិត្តទៅដល់មូលនិធិ GX Foundationឲ្យបន្តពង្រឹង នូវកិច្ចសហប្រតិបត្តិការ ទៅលើកម្មវិធីទាំងនេះ ជាមួយនឹងក្រសួង សុខាភិបាលបន្ថែមទៀត ជាពិសេស ក្នុងការកំណត់នូវបណ្តាខេត្តគោលដៅថ្មីៗ សម្រាប់ការផ្ដល់សេវាពិនិត្យ និង ព្យាបាលជំងឺភ្នែកឡើងបាយ និងកម្មវិធីប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនឈាម ៕

To Top