ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូក្រសួងទទួលការចុះស្វែងយល់គម្រោងវារីអគ្គិសនីនៅ ខេត្តកោះកុង-ពោធិ៍សាត់ ដោយប្រតិភូរដ្ឋសភាជាតិដឹកនាំដោយគណៈកម្មការទី៩ ក្នុងមនោសញ្ចេតនារីករាយ ជាមួយលទ្ធផលប្រកប ដោយផ្លែផ្កា។
លោកស្រី និន សាផុន ប្រធានគណៈកម្មការ បានដឹកនាំគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) រួមជាមួយ តំណាងរាស្ត្រមណ្ឌលខេត្តកោះកុង បានអញ្ជើញចុះទស្សនកិច្ចសិក្សានៅវារីអគ្គិសនី ស្ទឹងឫស្សីជ្រុំ ខេត្តកោះកុង។
លោក ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា និងតំណាងក្រុមហ៊ុន បានរង់ចាំទទួលស្វាគមន៍ និងធ្វើបទបង្ហាញពីលក្ខណៈទូទៅនៃគម្រោងវារីអគ្គិសនី អត្ថប្រយោជន៍របស់គម្រោង និងកម្រងឯកសារខ្លីស្តីពីគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំ។
បន្ទាប់ពីបានស្តាប់ការបង្ហាញរួចមក លោកស្រី និន សាផុន បានសម្តែងនូវការអរគុណ ដល់អគ្គនាយកអគ្គិសនីកម្ពុជា និងតំណាងក្រុមហ៊ុនដែលបានទទួលស្វាគមន៍ និងធ្វើបទបង្ហាញជូន ដល់គណៈកម្មការទី៩ នៃរដ្ឋសភា។
លោកស្រីបានបន្តថា វារីអគ្គិសនីស្ទឹងឬស្សីជុំ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចដ៏ទូលំទូលាយដែលស្របជាមួយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលថ្មីដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើយុទ្ធសាស្ត្រ អាទិភាព៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ៕