ព័ត៌មានជាតិ

NEA រៀបចំឱកាស ការងារក្នុងស្រុក ជាង៣ម៉ឺនកន្លែង ក្នុងវិស័យសំខាន់ៗ៣ សម្រាប់យុវជន សិស្ស-និស្សិត ពិសេសសិក្ខាកាម បញ្ចប់វគ្គ TVET

ភ្នំពេញ​ ៖ ផ្អែកលើតម្រូវការកម្លាំង ពលកម្មជំនាញក្នុងទីផ្សារ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឱកាសការងារក្នុងស្រុកចំនួន ៣៤ ៧១៣ កន្លែង ក្នុងវិស័យសំខាន់ៗ ដូចជាវិស័យឧស្សាហកម្ម, វិស័យកសិកម្ម និងវិស័យសេវាកម្ម សម្រាប់សាធារណជន ងាយស្រួលជ្រើសរើស ចូលបម្រើការងារ តាមជំនាញដែលខ្លួនមាន ។

យោងតាមបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី៣០ មករា បានឲ្យដឹងថា មូលធនមនុស្សគឺជាអាទិភាពគន្លឹះ ក្នុងការជំរុញសេដ្ឋកិច្ចឲ្យសម្រេចបាននូវគោលដៅរបស់កម្ពុជានៅឆ្នាំ២០៣០ និងធ្វើឲ្យកម្ពុជា ក្លាយជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ផ្តោតលើចក្ខុវិស័យដ៏វែងឆ្ងាយនេះ រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលដឹកនាំដោយ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បានផ្តួចផ្តើមរៀបចំការបណ្តុះបណ្តាល កម្លាំងពលកម្មជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន១លាន ៥សែននាក់ ដែលគោលនយោបាយនេះ ត្រូវបានប្រកាសឲ្យអនុវត្តជាផ្លូវការដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមើលឃើញនូវតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ក៏ដូចជាផ្តល់ឱកាស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងការកសាងមូលដ្ឋានសេដ្ឋកិច្ចគ្រួសារឲ្យកាន់តែប្រសើរឡើង ដើម្បីរួមគ្នាជាមួយរដ្ឋាភិបាល សម្រេចបាននូវមហិច្ចតា ជាប្រទេសអ្នកមានរបស់កម្ពុជា នៅឆ្នាំ២០៥០ ។

ផ្អែកលើតម្រូវការកម្លាំង ពលកម្មជំនាញ នៅក្នុងទីផ្សារ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានរៀបចំឱកាសការងារ ក្នុងស្រុកចំនួន ៣៤ ៧១៣ កន្លែង ក្នុងវិស័យសំខាន់ៗ ចំនួនបី ក្នុងរាជធានី-ខេត្តចំនួន ១០ សម្រាប់សាធារណជន ងាយស្រួលជ្រើសរើស ចូលបម្រើការងារ តាមជំនាញដែលខ្លួនមាន ដូចជា៖

-វិស័យឧស្សាហកម្ម ចំនួន ១៩ ៧៧១កន្លែង

-វិស័យកសិកម្ម ចំនួន ១០ ៨៨៦កន្លែង

-វិស័យសេវាកម្ម ចំនួន ៤ ០៥៦កន្លែង ។

យុវជន សិស្ស និស្សិត ពិសេសសិក្ខាកាមបានបញ្ចប់វគ្គ TVET 1.5M ធ្វើការទំនាក់ទំនងទៅកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈទូរស័ព្ទ 077 23 23 78 ឬ 1297 សម្រាប់ព័ត៌មានបន្ថែម ជាពិសេសអាចមានឱកាសក្នុងការចាប់យកចំណេះជំនាញការងារដែលជាសេចក្តីត្រូវការ ក្នុងការអភិវឌ្ឍខ្លួន ដើម្បីសម្រួចខ្លួនឲ្យកាន់តែប្រសើរ និង ជាកាតាលីករដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈសេចក្តីជូនដំណឹង របស់ក្រសួងការងារ ដែលជាសេនាធិការ នៃរាជរដ្ឋាភិបាល៕

To Top