ព័ត៌មានជាតិ

រដ្ឋមន្ដ្រីការបរទេសកម្ពុជា៖ ការកើនឡើងនៃការប្រកួតប្រជែង ភូមិសាស្ដ្រនយោបាយ បង្កជាក្ដីបារម្ភ សម្រាប់ប្រទេសជាច្រើនជុំវិញពិភពលោក

ភ្នំពេញ៖ លោក សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានលើកឡើងថា ការកើនឡើងនៃការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចរវាងមហាអំណាចនានា បន្ថែមទៅលើបញ្ហាប្រឈមដែលកំពុងរ៉ាំរ៉ៃ និងជាន់គ្នា បានបង្កជាកង្វល់ និងក្តីបារម្ភ សម្រាប់ជាច្រើននៅជុំវិញពិភពលោក។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រី ការបរទេសអាស៊ាន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសសមាជិកអាស៊ាន ក្នុងការបញ្ចប់សេចក្តីសម្រេចចិត្តពីរឆ្នាំម្តង ស្តីពីសន្ធិសញ្ញាតំបន់អាស៊ី អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដែលឈានទៅដល់ការអនុម័ត សេចក្តីសម្រេចចិត្តនេះ ដោយគណកម្មាធិការទី១ នៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលការណ៍នេះបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់ ដែលអាស៊ានផ្តោតទៅលើការមិនរីកសាយភាយ និងការរំសាយអាវុធ នុយក្លេអ៊ែរ។

ជាងនេះទៅទៀត លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមាន ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវផ្អែកលើ លក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យសម្រាប់ ការចូលជាសមាជិកពេញ សិទ្ធិអាស៊ានរបស់ទីម័រឡេស្តេ ហើយក៏បានបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការគាំទ្រដល់ទីម័រ ឡេស្តេបន្ថែមទៀតក្នុងការកសាងសមត្ថភាព និងការចូលរួមក្នុងកិច្ចប្រជុំ និងសកម្មភាពនានារបស់ អាស៊ាន។

ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចរវាងមហាអំណាចនានា បន្ថែមទៅលើបញ្ហាប្រឈម ដែលកំពុងរ៉ាំរ៉ៃនិងជាន់គ្នា បានបង្កជាកង្វល់ និងក្តីបារម្ភ សម្រាប់ ជាច្រើននៅជុំវិញពិភពលោក»។

ក្នុងបរិបទនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់ នៃការពង្រឹងមជ្ឈភាពអាស៊ានបន្ថែមទៀត និងការប្រើប្រាស់យន្តការដឹកនាំដោយអាស៊ាន ដើម្បីកសាងទំនុកចិត្តយុទ្ធសាស្ត្រ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូ កាន់តែស៊ីជម្រៅ ដើម្បីរក្សានិងលើកតម្កើងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងនិងក្រៅតំបន់។

ចំពោះបញ្ហាមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ការតែងតាំង លោក អាលួនកែវ កិត្តិយួន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីបញ្ហាមីយ៉ាន់ម៉ាសម្រាប់ឆ្នាំ២០២៤ និងគំនិតផ្តួចផ្តើមគន្លឹះរបស់ឡាវ ក្នុងការសម្របសម្រួលការ អនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដែលនឹងរួមចំណែកដោយស្ដាប់នាដល់ ដំណើរការសន្តិភាពដែលម្ចាស់ការ និងដឹកនាំ ដោយមីយ៉ាន់ម៉ា។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍គំនិតផ្តួចផ្តើមរបស់ថៃ និងមីយ៉ាន់ម៉ា ក្នុងការបង្កើនជំនួយមនុស្សធម៌ដល់ ប្រជាជនដែលរងផលប៉ះពាល់នៅតាមតំបន់ព្រំ ដែនដោយមានមជ្ឈមណ្ឌល អាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះ មហន្តរាយ (មជ្ឈមណ្ឌល AHA) ចូលរួមក្នុងដំណើរការត្រួតពិនិត្យ៕

To Top