ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំ ដល់ក្រសួងស្ថាប័ន្ធពាក់ព័ន្ធនឹងការនាំចេញ ត្រូវពិនិត្យលើកគុណភាព និងភាពជឿជាក់លើផលិតផលរបស់កម្ពុជា ក្នុងការនាំចេញ ខណៈសម្តេចថា ការបើកទីផ្សារថ្មីជារឿងមួយ ប៉ុន្តែសំខាន់មួយទៀត គឺការរក្សាទីផ្សារចាស់ឲ្យបាន ។
ការលើកឡើងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួង ។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា “ក្នុងគោលដៅទាក់ទាញវិនិយោគ បរទេសនិងបើកទីផ្សារបន្ថែម សម្រាប់ផលិតផលកម្ពុជា រួមទាំងផលិតផលកសិកម្មផងដែរ រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ ភាពជាដៃគូរសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ACEP ក្នុងក្របខណ្ឌទ្វេរភាគី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសាធារណៈរដ្ឋប្រជាមានិតចិន សាធារណៈរដ្ឋកូរ៉េ និងអេមីរ៉ាត អារ៉ាប់រួម និងកំពុងចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសជាមិត្តមួយចំនួន ក្នុងតំបន់”។
ក្នុងនោះ សម្តេចធិបតី បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា “កិច្ចការងារនេះ ថ្ងៃមុនខ្ញុំទៅក្រសួងពាណិជ្ជកម្ម ក៏បានលើករឿងនេះ អារឿងបើកទីផ្សារថ្មី វាជារឿងមួយហើយ ប៉ុន្តែសំខាន់ថែរក្សាទីផ្សារចាស់ឲ្យបាន ថែរក្សា និងភាពជឿជាក់ លើផលិតផលយើងឲ្យបាន បើកច្រកហើយ ប៉ុន្តែបើបើកច្រកអត់មានមនុស្សទៅ វាអត់ប្រយោជន៍ទេ ។ ចឹងគឺថា ការថែរក្សា និងពង្រឹងទីផ្សារដែលមានស្រាប់ តាមរយៈការពង្រឹង និងធានានូវគុណភាព និងបរិមាណ នៃការផ្គត់ផ្គង់របស់យើង ជាពិសេសបើពាក់ព័ន្ធនឹងវិស័យកសិកម្ម ស្តង់ដារនៃការនាំចេញ ផលិតផលត្រូវធានាឲ្យបាន” ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកថា កុំភ្លេចថា នៅលើពិភពលោកជិត២០០ប្រទេស ហើយក្នុងនោះភាគច្រើន សុទ្ធតែអ្នកនាំចេញកសិកម្មដូចគ្នា ចឹងបានន័យថាដៃគូរប្រគួតប្រជែង យើងច្រើនណាស់៕