ភ្នំពេញ៖ ជុំវិញការដាក់ចេញកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើង អំពីការអនុគ្រោះពីរាជរដ្ឋាភិបាលជាង ១០ចំណុច ដែលផ្តោតលើការអនុគ្រោះពន្ធជាច្រើន ខណៈសម្តេចបញ្ជាក់ថា បើទិញហើយ មិនមែនទុកចោលទៀតទេ គឺត្រូវមានផែនការច្បាស់លាស់ ដើម្បីជួសជុល កែលម្អ ហើយដាក់អនុវត្តនៅក្នុងឆ្នាំ២០២៤តែម្តង ដោយមិនបង្អែរបង្អង់ទេ។
ការលើកឡើងរបស់សម្តេចធិបតីនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេស ជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤” នាថ្ងៃទី៣១ មករា ។
សម្តេចធិបតីមានប្រសាសន៍ថា “ពាក់ព័ន្ធទៅនឹងមុខព្រួញនៃការអន្តរាគមន៍នោះ គឺយើងមានប្រភេទសកម្មភាព៣ធំៗ ទី១-គម្រោងវិនិយោគ ពាក់ព័ន្ធនឹងអគារជាប់គាំង ទី២-គម្រោងវិនិយោគដែល មិនពាក់ព័ន្ធនឹងអគារជាប់គាំង និងទី៣- ការពង្រីកគម្រោងវិនិយោគ ដែលមានស្រាប់នេះបន្ថែម”។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានធ្វើការគូសបញ្ជាក់លម្អិតពីកម្មវិធីនេះថា “នៅក្នុងកម្មវិធីពិសេសនេះ ទី១-ពាក់ព័ន្ធនឹងគម្រោងវិនិយោគ ដែលពាក់ព័ន្ធនឹងអគារជាប់គាំង អត្ថប្រយោជន៍មួយចំនួនដែលទទួលបានទី១ គឺការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមារយៈពេល៣ឆ្នាំបន្ថែម, ទី២- ការលើកលែងអាករលើតម្លៃបន្ថែម តាមអាត្រា០% ចំពោះការសាងសង់បញ្ចប់ និងការជួសជុលកែលម្អអគារដែលជាប់គាំង, ទី៣-ការលើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យរយៈពេល៥ឆ្នាំ, ទី៤- ការលើកលែងពន្ធអចលនទ្រព្យ និងការលើកលែងទណ្ឌកម្មរដ្ឋបាល, ទី៦- ការលើកលែងការបង់ថ្លៃសេវាសាធារណៈ និងថ្លៃលើសសន្ទស្សន៍ប្រើប្រាស់ដី ចំពោះការស្នើសុំលិខិតអនុញ្ញាត ពាក់ព័ន្ធនឹងការសាងសង់, ទី៧- ការសម្រួលនីតិវិធី និងបែបបទ នៃការស្នើសុំលិខិតអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធការងារសំណង់, ទី៨- ការផ្តល់លើការអនុគ្រោះលើថ្លៃត្រួតពិនិត្យ និងការបញ្ជាក់ផ្សេងៗ ពាក់ព័ន្ធសំណង់, ទី៩- ការកែសម្រួលបែបបទ និងនីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា, ទី១០- ការរៀបចំគោលការណ៍ និងការសម្របសម្រួល បង្កើតទីផ្សារលក់ឡៃឡុងអចលនទ្រព្យ ព្រមទាំងការផ្តល់សេវា ផ្គូរផ្គងពីវិនិយោគិន រួមទាំងការកំណត់តម្លៃយោង (reference price) សម្រាប់អចលនទ្រព្យ នៅក្នុងខេត្តព្រះសីហនុ និងចុងក្រោយការជំរុញការប្រើប្រាស់យន្តការ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមបទដ្ឋានបញ្ញត្តិច្បាប់ ចំពោះវិវាទដែលពាក់ព័ន្ធនឹងការវិនិយោគ”។
ជាមួយគ្នានេះ សម្តេចធិបតីបញ្ជាក់ទៀតថា “ចំពោះវិនិយោគិនណាមួយ ទិញស្រង់ឡើងអាគារដែលជាប់គាំងហើយយកទៅជួសជុល យកទៅបញ្ចប់ ដើម្បីដំណើរការ តើបានគិតគូរពីការអនុគ្រោះពន្ធយ៉ាងណា? កិច្ចការងារនេះ ក្រុមការងារក៏បានគិតហើយ និងមានគោលការណ៍អនុគ្រោះពន្ធ ប៉ុន្តែត្រូវចងលក្ខខណ្ឌថា ទិញទៅប្រាកដជាយកទៅជួសជុល និងដំណើរការ ដើម្បីធ្វើការមិនមែនទិញទៅទុក ដើម្បីលក់បានថ្លៃទេ ។ ចឹងកិច្ចការងារលម្អិតនេះ ក្រុមការងារនឹងចេញលក្ខខណ្ឌលម្អិត ហើយនឹងផ្តល់គោលការណ៍លម្អិតថែមទៀត ព្រោះយើងចង់ឲ្យបាន ។ ព្រោះជួនកាលវិនិយោគម្នាក់ គាត់ទិញមក គាត់ធ្វើហើយ ឥឡូវគាត់ក្ស័យធន់ បើសិនជាឲ្យគាត់ធ្វើអត់ទៅទេ នៅទុកចោល ។ តែបើសិនមានវិនិយោគិនមួយទៀត គាត់ចង់ទិញចឹងយើងមិនខ្លាច បើទិញហើយមែនទិញទុក ទុកចោលទៀតទេ ទិញហើយគឺមានផែនការច្បាស់លាស់ ដើម្បីជួសជុល កែលម្អ ហើយដាក់អនុវត្តនៅក្នុងឆ្នាំ២០២៤នេះ មែនទិញហើយសម្រាប់វិនិយោគកែសម្រួលឆ្នាំ២០៣៤ទេ គឺយក២០២៤ ។ ការវិនិយោគនេះ គឺសម្រាប់ឆ្នាំ២០២៤ ដើម្បីជំរុញយ៉ាងណាឲ្យមានសកម្មភាព”៕