ព័ត៌មានជាតិ

យន្តហោះចម្បាំង F-16 មួយគ្រឿងរបស់អាមេរិក ធ្លាក់ចូលទឹករបស់ប្រទេសកូរ៉េខាងត្បូង

RT News

បរទេស៖ ប្រភពបានប្រាប់សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងថា យន្តហោះចម្បាំងអាមេរិក F-16 មួយគ្រឿងបានធ្លាក់ក្នុងដែនទឹកក្បែរកូរ៉េខាងត្បូង។ ឧបទ្ទវហេតុធ្លាក់នេះគឺជាលើកទីបីហើយ ដែលយន្តហោះចម្បាំងអាមេរិកបានធ្លាក់ នៅក្នុងតំបន់ក្នុងរយៈពេលតិចជាងមួយឆ្នាំមកនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកបើកយន្តហោះចម្បាំងម្នាក់ត្រូវបាន បង្ខំឱ្យបោះបង់ចោលយន្តហោះ ហើយចុចកៅអីសុវត្ថិភាពហោះចេញពីយន្តហោះ នៅព្រឹកថ្ងៃពុធ ដោយយន្តហោះ F-16 បានធ្លាក់ចូលទៅក្នុងទឹកនៃឆ្នេរសមុទ្រ Gunsan ប្រទេសកូរ៉េខាងត្បូង នៅជិតមូលដ្ឋានអាកាស Kunsan ។

ប្រភពមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់ Yonhap ថា “យន្តហោះចម្បាំងនេះបានធ្លាក់ចូលទៅក្នុងទឹក ហើយអ្នកបើកបរដែលត្រូវបាន ជួយសង្គ្រោះគឺមានសុវត្ថិភាព” ។

ការធ្លាក់នេះកើតឡើងបន្ទាប់ពី ឧប្បត្តិហេតុស្រដៀងគ្នាជាច្រើនពាក់ព័ន្ធនឹង យន្តហោះចម្បាំងប្រភេទដូចគ្នា ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយយន្តហោះចម្បាំង F-16 មួយគ្រឿងទៀតបានធ្លាក់លើសមុទ្រលឿង ក្នុងអំឡុងពេលធ្វើសមយុទ្ធក្នុងខែធ្នូ។ យន្តហោះនោះក៏មានមូលដ្ឋាននៅមូលដ្ឋាន Kusan ដែលជាផ្នែកមួយនៃកង 8th Fighter Wing របស់សហរដ្ឋអាមេរិក។

កាលពីខែឧសភា យន្តហោះចម្បាំង F-16 មួយផ្សេងទៀតបានធ្លាក់នៅជិតមូលដ្ឋានអាកាស Osan នៅភាគពាយព្យនៃប្រទេស កូរ៉េខាងត្បូង។ ក្រុមមន្ត្រីបានបង្ហាញព័ត៌មានលម្អិត មួយចំនួនអំពីឧបទ្ទវហេតុនេះ ប៉ុន្តែបាននិយាយថា អ្នកបើកយន្តហោះកំពុងចូលរួម ក្នុងបេសកកម្មហ្វឹកហាត់ជាប្រចាំ អំឡុងពេលគ្រោះថ្នាក់នោះកើតឡើង ហើយបានចុចកៅអីសុវត្ថិភាព ហោះចេញដោយសុវត្ថិភាព ៕

ប្រែសម្រួលៈ ណៃ តុលា

To Top