ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និងគណៈកម្មការអភិវឌ្ឍន៍ សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាល​ ប្ដេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺធ្វើឲ្យសម្រេចបានគោលដៅ៣ ក្នុងពេលតែមួយ

ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធ យុជនសេដ្ឋកិច្ចកម្ពុជា រួមជាមួយគណៈកម្មការអភិវឌ្ឍន៍ សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាល​ នៃសមាគម បានប្តេជ្ញាចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺធ្វើឲ្យសម្រេចបានគោលដៅ៣ ក្នុងពេលតែមួយ ។

ក្នុងពិធីប្រកាសចូលកាន់តំណែង គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាល ចំនួន៥៧រូប នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ Grand Terrace ខណ្ឌទួលគោក លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ដែលជាប្រធាន បានលើកឡើង​នូវការគាំទ្រ ចំពោះគោលដៅធំរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មការអភិវឌ្ឍន៍ សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាលផ្ទាល់ គឺធ្វើយ៉ាងណា ជួយប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធ ជាមួយទស្សនៈវិស័យច្បាស់លាស់ តាមរយៈការជួយប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធ ដែលភាគច្រើន មួយចំនួនស្ថិតក្នុងប្រជាពលរដ្ឋ ដែលងាយរងហានិភ័យ និងជីវភាពក្រីក្រ ។

ក្នុងនោះ លោកឧកញ៉ាបណ្ឌិត ឡី សុភាព បានគាំទ្រ នូវប្រសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ គឺមិនមានចរិតបង្ខំ ឱ្យប្រជាពលរដ្ឋ​ ដែលប្រកបអាជីវកម្ម សេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះបញ្ជីឡើយ ប៉ុន្តែលើកទឹកចិត្តឱ្យពួកគាត់ចូលរួម ចុះបញ្ជីដោយស្ម័គ្រចិត្ត ដើម្បីរាជរដ្ឋាភិបាល អាចគ្រប់គ្រងទិន្នន័យបានច្បាស់លាស់ ហើយផ្ដល់ការគាំពារចំគោលដៅ និងទាន់ពេលវេលា ក្នុងពេលជួបការលំបាកផ្សេងៗ។

តាមការបញ្ជាក់ឡើងវិញ របស់លោកបណ្ឌិត ឡី សុភាព បានឲ្យដឹងថា “យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ មានគោលការណ៍លើកទឹកចិត្ត និងអនុគ្រោះធំៗ ដល់ទៅ៩ចំណុច ចំពោះម្ចាស់សហគ្រាសធន់តូន មធ្យម និងមីក្រូ ប្រសិនបើពួកគាត់ស្ម័គ្រចិត្ត ចុះបញ្ជីក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ក្នុងនោះរួមមាន៖ទី១. ផ្ដល់ការលើកលែងការផាកពិន័យ និងបំណុលទាំងអស់ នៅក្នុងឆ្នាំ២០២៣-២០២៨ ចំពោះសហគ្រាសធន់តូន មធ្យម និងមីក្រូ តាមរយៈការមិនបានបំពេញអនុលោមភាពកន្លងមក។ ទី២. ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសមីក្រូ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្ត នៅក្នុងឆ្នាំ២០២៣-២០២៨ តាមរយៈលើកលែងកម្រៃចុះបញ្ជីពន្ធដារ និងកម្រៃធ្វើបច្ចុប្បន្នភាព។ ទី៣. ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធន់តូច ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្ត នៅក្នុងឆ្នាំ២០២៣-២០២៨ តាមរយៈ៖ ១-ការលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក មុនការចុះបញ្ជី ២-លើកលែងកម្រៃចុះបញ្ជីពន្ធដារ និងកម្រៃធ្វើបច្ចុប្បន្នភាព នៅពេលចុះបញ្ជី និង៣-ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធ លើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល២ឆ្នាំក្រោយការចុះបញ្ជី។ ទី៤. ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធន់មធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៥ តាមរយៈ៖ ១-ការលើកលែងពិន័យទោសទណ្ឌនិងបំណុលពន្ធចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី និង២-លើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល២ឆ្នាំក្រោមការចុះបញ្ជី។

ទី៥. ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធន់តូច និងមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៥ តាមរយៈការលើកលែងការបង់ពន្ធប៉ាតង់ សម្រាប់រយៈពេល២ឆ្នាំ​ បន្ទាប់ពីទទួលបានការសម្រេចចុះបញ្ជី។ ទី៦. កាត់បន្ថយថ្លៃសេវាសម្រាប់ ការផ្ដល់សេចក្ដីជូនដំណឹងបើកសហគ្រាស និងការបញ្ជិកាសៀវភៅ ប្រចាំគ្រឹះស្ថាន និងសៀវភៅបើកប្រាក់ខែ សម្រាប់សហគ្រាសដែលមានកម្មករនិយោជិត តិចជាង៨នាក់។ ទី៧. ពង្រឹងយន្តការស្វ័យត្រួតពិនិត្យ និងពង្រឹងការអនុវត្តយន្តការ ក្រុមអធិការកិច្ចអន្តរក្រសួងនៅថ្នាក់ជាតិ ដើម្បីធានាកាចុះធ្វើអធិការកិច្ចរួមគ្នា ក្នុងពេលតែមួយ និងមួយលើកក្នុងពេលមួយឆ្នាំ (មិនចុះច្រើនលើកឡើយ)។ ទី៨. រៀបចំការត្រួតពិនិត្យនិងការធ្វើអធិការកិច្ចរួមគ្នា ក្នុងពេលតែមួយ និងតែមួយលើកក្នុងពេលមួយឆ្នាំ នៅថ្នាក់ក្រោមជាតិ សម្រាប់គ្រប់សហគ្រាស ដែលបានឬមិនទាន់បានចុះបញ្ជី ឬស្នើសុំអាជ្ញាបណ្ណឬលិខិតអនុញ្ញាតផ្សេងៗ។ ទី៩. រៀបចំបង្កើតបទដ្ឋានគតិយុត្តក្របខណ្ឌ យន្តការដែលផ្ដល់ស្ថានភាពស្របច្បាប់ ជាសហគ្រាសធន់តូច និងមីក្រូ ដោយភ្ជាប់ជាមួយអត្ថប្រយោជន៍ផ្សេងៗ ដូចជាការលើកលែងការបង់ថ្លៃសេវារដ្ឋបាលនានា សម្រាប់រយៈពេល៥ឆ្នាំជាដើម។

យោងតាមការរៀបរាប់ខាងលើ បង្ហាញឲ្យឃើញថា ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការចូលរួមជាសមាជិក សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមន៍ គឺស្របនឹងយុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្នុងការលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺធ្វើឲ្យសម្រេចបានគោលដៅ៣ ក្នុងពេលតែមួយ គឺជួយដល់ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម, ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមជាតិ និងជំរុញកំណើនសេដ្ឋកិច្ច ដែលទាំងអស់នេះ បានស្តែងចេញឲ្យឃើញ ក្នុងឱកាសប្រកាសចូលកាន់តំណែង គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាល ចំនួន៥៧រូប នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា។

លោក ឡី សុភាព បានដាក់ទិសដៅ និងអំពាវនាវដល់គណៈកម្មការ អភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាល ទាំង៥៧រូប ត្រូវតែគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែក អភិវឌ្ឍវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធនៅកម្ពុជា។ និងណែនាំឱ្យគណៈកម្មការ អភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវមានគោលនយោបាយ អភិវឌ្ឍធនធានមនុស្ស ទាំងកិច្ចការអាជីវកម្ម និងជំនាញបច្ចេកទេសនីមួយៗ ពិសេសត្រូវឧស្សាហ៍ចូលរួមជួបជុំគ្នា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក និងសហការគ្នាធ្វើចលនា ឱ្យប្រជាជនមានការគាំទ្រកាន់តែច្រើន និងកាន់តែរឹងមាំ៕

To Top