ស្វាយរៀង ៖ ក្រោយចាប់ឃាត់ រថយន្តកុងតឺន័រចំនួន៤ គ្រឿង ដែលសង្ស័យ ដឹកសាច់បង្កកកាលពីល្ងាចថ្ងៃទី ៣១ ខែមករាឆ្នាំ២០២៤ មន្ត្រីជំនាញបានបញ្ជាក់ថា ជាប្រភេទជើងមាន់ ដែលក្លាសេ្ស ហើយពិនិត្យឃើញថា ពុំមានសារភាពគីមីនោះទេ ។
យោងតាមរបាយការណ៍ ពីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខា ក.ប.ប ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២៤ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករាឆ្នាំ២០២៤ វេលាម៉ោង ២១ និង២០នាទី មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង ដោយមានការអនុញ្ញាត និង សម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តស្វាយរៀង ដោយមានការសហការជាមួយមន្ត្រី កងរាជអាវុធហត្ថខេត្តស្វាយរៀង បានឃាត់កុងទីន័រចំនួន ៤គ្រឿង ដើម្បីត្រួត ពិនិត្យ ។
តាមការអះអាង របស់អ្នកបើកបរបញ្ជាក់ថា ទំនិញទាំងអស់នេះគឺបាននាំចូលពីប្រទេសវៀតណាម ហើយផ្ទេរទូរ កុងទីន័រនៅចំណុចសូន្យចូលមកកម្ពុជាតាមមាត់ច្រកអន្តរជាតិបាវិត ហើយដឹកទៅមាត់ច្រកដូង។ ទំនិញទាំងនេះជា របស់ក្រុមហ៊ុន SBL ដែលមានទីតាំងនៅក្រុងបាវិត ។
ជាមួយគ្នានេះ បើតាមការអះអាងរបស់លោក ពេញ សារ៉េត (ម្ចាស់ឡានកុងទីន័រ) ភេទប្រុស អាយុ៤០ឆ្នាំ មានអាសយដ្ឋាននៅចោមចៅ រាជធានីភ្នំពេញ បានបញ្ជាក់ថា គាត់ជាអ្នកគ្រប់គ្រងកុងទីន័រទាំងបួននេះ ហើយកុងទីន័រទាំងបួននេះ មិនបានដាក់ឯកសារ (ដឹកទំនិញ )មកជាមួយតាមឡានទេ ហើយទំនិញទាំងនេះ មានទិសដៅទៅច្រកដូងបន្តទៀត ។
នៅវេលាម៉ោង ២២ និង១៥នាទីថ្ងៃដដែល មន្ត្រីជំនាញ ក.ប.ប ដោយបានសហការជាមួយមន្ត្រីពាក់ព័ន្ធ បានកាត់សៀល លើកុងទីន័រទាំងបួននេះមកត្រួតពិនិត្យមានលទ្ធផលជាប្រភេ៩ទជើងមាន់ដែលមានកុងទីន័រដូចខាងក្រោម៖ កុងទីន័រលេខ SZLU9430540 (45) មានសីតុណ្ហភាព-៥ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ)។ កុងទីន័រលេខ SZLU9415762(45′) មានសីតុណ្ហភាព-២.៩ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ)។ កុងទីន័រលេខ HMMU5490786(45) មានសីតុណ្ហភាព-៦.៤ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ)។ កុងទីន័រលេខ HDMU5591398(45) មានសីតុណ្ហភាព-២.៥ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ) ។
ក្រោយពីបានធ្វើការពិសោធន៏ ដោយរថយន្តចល័តពិសោធន៍ ម្ហូបអាហាររបស់ ក.ប.ប ជាលទ្ធផលនៃ សំណាកគំរូជើងមាន់ ដែលបានដកចេញពីទូរកុងទីន័រ ទាំងបួនឃើញថា ពុំមានសារធាតុគីមីហាមឃាត់ FORMALIN ។ បន្ទាប់ពីបានពិនិត្យរួច សមាសភាពបានសម្រេចបិទ សៀលទូរកុងទីន័រវិញ។
បើតាមលោកហេង សំបូរ ប្រធានសាខាគយរដ្ឋាករ ខេត្តស្វាយរៀងបានបញ្ជាក់ថា ទំនិញជើងមាន់ទាំងនេះគឺ ជាទំនិញដឹកឆ្លងកាត់ហើយនិងនាំចេញទៅប្រទេស វៀតណាមវិញផងដែរ៕